សេចក្តីថ្លែងអំណរគុណ

សហការី​​វិទ្យាសាស្រ្ត​​សំខាន់​ៗ​របស់​ក្រុម​ការងារ​នៃ EFEO-FEMC គឺ​លោក គុណ សុភាព និង​លោក ឡេង កុក​អាន។ មិន​មាន​ចំណេះ​ដឹង​ណា​មួយ​អាច​ប្រដូច​ទៅ​នឹង​ចំណេះដឹង​របស់​ពួក​គាត់​បាន​ឡើយ ហើយ​​ចាប់​ពី​ពេល​នេះ​ទៅ អក្សរ​ខ្មែរ​ពិត​ជា​ត្រូវ​​​ដឹង​គុណ​​​ចំពោះ​ពួក​គាត់​ដែល​បាន​នាំ​មក​នូវ​ចំណេះ​ដឹង​​វប្បធម៌​និង​វិទ្យាសាស្រ្ត អស់​រយៈពេល​​ពីរ​ទសវត្ស​មក​ហើយ។ ក្រុម​ការងារ​នេះ​មិនមាន​លក្ខណៈ​ពេញលេញ​ទេ ចាប់តាំង​ពី​មរណភាព​របស់​លោក ថោង យ៉ុក (១​៩​២​១​-២​០​០​៧) ដែល​ជា​គ្រូ​អក្សរ​បាលី។ ហើយ​ដោយសារ​តែ​លោក យ៉ុក ​ជា​សហការី​ម្នាក់​របស់ Suzanne Karpelès ដែល​នៅ​រស់រាន​មាន​ជីវិត​ចុង​ក្រោយ​នោះ គឺ​គាត់​តំណាង​ឲ្យ​ខ្សែ​ស្រឡាយ​របស់​មូលនិធិ​បោះពុម្ព​​សាត្រា​ស្លឹករឹត​ខ្មែរ (FEMC) ជាមួយ​នឹង​អ្នក​ជើងចាស់​ល្បី​ៗ​របស់​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ដែល​បាន​ធ្វើ​ការ​សិក្សា​និង​អភិរក្ស​​សាត្រា​ខ្មែរ អស់​រយៈពេល​ជិត​មួយ​សតវត្ស​មក​ហើយ។

យើង​ក៏​សូម​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ផង​ដែរ​ចំពោះ​លោក ជាង សេងអែម ដែល​បាន​ធ្វើ​ការងារ​​ដោយ​គ្មាន​នឿយហត់​និង​ធុញទ្រាន់ ក្នុង​ការ​ជូត​សម្អាត​ស្លឹករឹត​ចំនួន​រាប់​ពាន់​សន្លឹក ដែល​ស្ថិត​នៅ​រាយប៉ាយ​នៅ​ក្នុង​វត្ត​អារាម​នានា។ សូម​ថ្លែង​អំណរគុណ​ចំពោះ​លោក យន់ ប៉ុលបូ ដែល​ជា​អ្នក​បើកបរ​រថយន្ត​របស់​យើង ចំពោះ​លោក រស់ សុខសំបូ ជា​លេខាធិការ​ផ្នែក​រដ្ឋបាល​នៃ​មជ្ឈមណ្ឌល​របស់​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​​ប្រចាំ​នៅ​ទីក្រុង​​ភ្នំពេញ ចំពោះ​លោក វណ្ណ ណារិទ្ធ ជា​លេខាធិការ​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​វិទ្យា​ទាក់ទង​នឹង​សលាកប័ត្រ​និង​អត្ថបទ ហើយ​នៅ​ទី​បញ្ចប់​ សូម​ថ្លែង​អំណរគុណ​ចំពោះ​លោក សួន កុសល ជា​អ្នក​ចាត់ចែង​យាមកាម​ការិយា​ល័យ​របស់​យើង។ សូម​សម្តែង​នូវ​ការ​ដឹងគុណ​ជា​ពិសេស​ចំពោះ​ជាង​ថតរូប​នៃ​ក្រុម​ការងារ​របស់​យើង គឺ​លោក តុម សារឿន ចំពោះ​ភាព​អត់ធ្មត់​គ្មាន​ដែន​កំណត់​​ដែល​គាត់​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​ចំពោះ​មុខ​ការងារ​ដដែល​ៗ​ដែល​លោក​ធ្វើ​នៅ​តាម​វត្ត​អារាម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ។ ហើយ​នៅ​ឆ្នាំ​នេះ​ទៀត គាត់​ត្រូវថត​ជា​ទម្រង់​ឌីជីថល​ដោយ​ខ្លួន​ឯង​ផ្ទាល់​​ផ្ទាល់​នូវ​ហ្វីល​ចំនួន​រាប់រយ​ដុំ​ដែល​គាត់​ស្គាល់​ច្បាស់​ជាង​អ្នក​ណា​ៗ​ទាំង​អស់។

ជា​ទី​បញ្ចប់ យើង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រៀល​ជ្រៅ​ដល់​សាធារណរដ្ឋ​សិង្ហបុរី​ និង​អង្គការ​យូណេស្កូ​ ដែល​បាន​ជួយ​ធ្វើ​អោយ​កិច្ចការ​ថត​​ជា​ឌីជីថល​និង​ផ្សព្វផ្សាយ​សាត្រា​ស្លឹករឹត​ទាំង​អស់​នេះ​របស់​ប្រទេស​កម្ពុជា​អាច​ធ្វើ​ទៅ​បាន​។