អក្សរសិល្ប៍សាត្រាស្លឹករឹតជាភាសាសំរាយនិងអក្សរសិល្ប៍សាត្រាស្លឹករឹតជាភាសាបាលី |
ការសង្កេតជាទូទៅដែលយើងអាចធ្វើឡើងនៅតាមហោត្រៃនានា ហើយដែលមានលក្ខណៈផ្ទុយទៅនឹងគំនិតដែលរីកសាយភាយ និងប្រកបដោយភាពមានះខ្លាំងនោះ គឺថាអត្ថបទភាគច្រើនលើសលុបដែលបានចម្លងឡើងវិញនិងធ្វើការផ្សព្វផ្សាយនៅតាមបណ្តាវត្តអារាមក្នុងប្រទេសកម្ពុជា គឺពិតជាអត្ថបទជាភាសាខ្មែរ ហើយមិនមែនជាភាសាបាលីនោះទេ។ នៅប្រទេសកម្ពុជា ការបង្រៀនភាសាបាលីមានសន្ទុះលូតលាស់ខ្លះៗ នៅចុងសតវត្សទី១៩ និងនៅដើមសតវត្សទី២០។ ថាមភាពថ្មីនេះ ជាបឋម បណ្ដាលពីកំណែទម្រង់មកពីប្រទេសសៀម និងមកពីក្តីកង្វល់ផ្នែកឧត្តមសិក្សារបស់ជនជាតិបារាំងមួយចំនួន ដែលចង់ធ្វើឲ្យព្រះពុទ្ធសាសនាខ្មែរមានការរីកលូតលាស់ឡើងវិញ។ ប៉ុន្តែការបង្រៀននេះហាក់ដូចជាមិនដែលមាន ភិក្ខុ ច្រើនអង្គចូលរួម ដូចនៅប្រទេសថៃទេ។ ការកត់សម្គាល់របស់ George Cœdès ដែលថា ធម្មបទដ្ឋកថា មង្គលត្ថទីបនី អដ្ឋកថា មង្គលសូត្រ និង សារត្ថសង្គហ បង្កើតបានជា “សំណុំឯកសារនៃវប្បធម៌ជាភាសាបាលីរបស់ព្រះសង្ឃសៀមនិងខ្មែរ” (Cœdès 1915, 2) គឺពិតជាត្រឹមត្រូវ។ ប៉ុន្តែត្រូវបញ្ជាក់បន្ថែមថា ជារឿយៗអត្ថបទទាំងបីនេះមាននៅតាមវត្តអារាមនានាក្នុងប្រទេសកម្ពុជា ក្នុងទម្រង់ជាការបកប្រែជាភាសាខ្មែរ។ នៅក្នុងកាលៈទេសៈដែលគេមានការខ្វះខាតយ៉ាងខ្លាំងនូវព័ត៌មាន ដោយមិនលើកលែងដល់ការខំប្រឹងប្រែងដែលបានចាប់ផ្តើមនៅមុនការបង្កើតវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត កិច្ចខិតខំប្រឹងប្រែងដ៏គួរឲ្យកត់សម្គាល់ក្នុងការបកប្រែជាភាសាសំរាយនេះ មានបំណងជាក់ច្បាស់ក្នុងការចង់អោយបុព្វជិតនៅប្រទេសកម្ពុជា ប្រើជាភាសាដែលពួកគេអាចយល់បាន អត្ថបទអនុម័តដោយកំណែទម្រង់ជាបទដ្ឋាន ដែលនៅប្រទេសកម្ពុជា ឥទ្ធិពលនៃកំណែទម្រង់នេះលើសពី ធម្មយុត្តិកនិកាយ ទៅទៀត។ ជាលទ្ធផល ភាពសម្បូរបែបថ្មីនៃអត្ថបទជាភាសាខ្មែរនេះបានបង្កអោយមានការបោះបង់ចោល ហើយថែមទាំងការបាត់បង់នូវសំណុំឯកសារជាភាសាដើមដែលមិនស្ថិតនៅក្នុងជាតក ដែលជាច្រើនសតវត្សមកហើយ បានផ្តល់នូវសារៈសំខាន់ចំពោះជីវិតសាសនាខ្មែរ។ ដូច្នេះ ឆ្លងមកដល់សតវត្សថ្មី បណ្ណាល័យពុទ្ធសាសនាបុរាណមួយត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជា នាំអោយខូចប្រយោជន៍ដល់សំណុំឯកសារបុរាណដែលការសិក្សានិងជាពិសេសការចម្លងសំណុំឯកសារទាំងនោះឡើងវិញ មិនត្រូវបានគេលើកទឹកចិត្តឡើយនៅក្នុងពេលជាមួយគ្នានោះ។ ដូច្នេះ ស្នាដៃអក្សរសិល្ប៍សំខាន់ៗដែលការរីកចម្រើនរបស់វាមាននៅតាមវត្តអារាមនានា នៅក្នុងទម្រង់ជាវិចិត្រកម្មនៅតាមជញ្ជាំង ដូចជារឿងរាមកេរ្តិ៍ ឬក៏ត្រៃភេត ត្រូវបានគេឈប់ចម្លងឡើងវិញ រហូតទាល់តែទម្រង់ជាសាត្រាស្លឹករឹតនៃស្នាដៃទាំងនោះក្លាយជាមានលក្ខណៈកម្រ។ សំខាន់ជាងនេះទៅទៀតនោះ ចំណេះដឹងជ្រៅជ្រះជាបទដ្ឋានថ្មីនៃ សង្ឃា បានផ្តាច់ខ្លួនចេញដោយចេតនាពីប្រពៃណីខ្មែរបុរាណ៖ អត្ថបទដែលពន្យល់អំពីការកកើតផែនដីដែលល្បីថា "មានលក្ខណៈបុរាណ" ដូចជា ត្រៃភូមិ ជាដើម បានក្លាយជាកម្មវត្ថុនៃការរិះគន់ខ្លាំងៗមួយ ដូចគ្នានឹងស្នាដៃសំខាន់ៗនៃលទ្ធិបុរាណដូចជា ព្រះធម្មវឹងស៊ុង ជាឧទាហរណ៍ ឬក៏ ព្រះធម្មត្រៃ ដែលសុទ្ធសឹងជាអត្ថបទប្រកបដោយយថាភាពបំផុតនិងសំខាន់ជាងគេនៅក្នុងប្រពៃណីដើមនៃទេរ៉ាវាតាខ្មែរ។ ជាភ័ព្វសំណាងល្អ ការធ្វើបញ្ជីសារពើភ័ណ្ឌនៃអ្វីដែលបានរួចផុតពីការបំផ្លាញដោយភ្លើងឆេះ និងការកត់សម្គាល់លើការអនុវត្តដែលកើតមានឡើងវិញ អាចឲ្យបញ្ជាក់ឡើងវិញយ៉ាងហោចណាស់មួយផ្នែក នូវអ្វីដែលជាប្រពៃណីបុរាណនៃព្រះពុទ្ធសាសនាខ្មែរ ដែលលោក François Bizot ជាមនុស្សទីមួយដែលបានបង្ហាញប្រាប់អំពីភាពសម្បូរបែបនៃប្រពៃណីនេះ ដោយធ្វើការបោះពុម្ពផ្សាយសៀវភៅ Le Figuier à cinq branches (ដើមល្វាមានមែកប្រាំ) នៅឆ្នាំ១៩៧៦។ |