ការឆ្លងកាត់ប្រកបដោយបញ្ហាពីអក្សរសិល្ប៍សាត្រាស្លឹករឹតទៅកាន់អក្សរសិល្ប៍សំណេរ

នៅ​ក្នុង​ប្រពៃណី​ខ្មែរ ក្រៅ​ពី​អត្ថន័យ​របស់​វា អក្សរ​ឆ្លាក់​នីមួយ​ៗ​ស្ថិត​នៅ​​ក្នុងប្រព័ន្ធ​តំណាង​អោយ​ជំនឿ​កណើត​នៃ​មនុស្ស​លោក៖​ នៅក្នុង​តំណាង​នេះ ខ្លួន​របស់​អ្នកអាន​ប្រៀប​ដូច​ជា​ព្រះកាយ​នៃ​ព្រះធម៌ តាម​រយៈការ​ប្រើ​​អត្ថបទ សំណេរ​ ការ​បញ្ចេញ​សម្លេង ការ​សូត្រ ឬ​ក៏​ការ​មើល​អត្ថបទ​មួយ។ ​សាត្រា​ស្លឹករឹត​បង្កប់​ផ្ទាល់​នូវ​​តម្លៃ​ដ៏​ពិសិដ្ឋ ដែល​មិន​អាស្រ័យ​នឹង​អត្ថបទ​ដែល​ចម្លង​ឡើង​វិញ​ឡើយ។ ការ​ឆ្លាក់​អត្ថបទ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​​ការ​ធ្វើ​បុណ្យ ហើយ​​ការ​បញ្ចប់​ការ​ឆ្លាក់​អត្ថបទ​នោះ​ត្រូវ​ធ្វើ​ “ពិធី​បុណ្យ​ឆ្លង” ដែល​នៅ​ក្នុង​អំឡុង​​ពិធី​បុណ្យ​នេះ ​គេ​​កំណត់​នូវ “ផល​អានិសង្ស”​ ដែល​​អ្នក​ចម្លង​សាត្រា​ទទួល​បាន​និង​អ្នក​ផ្តល់​ជំនួយ ប្រសិន​បើ​ខ្លួន​មិន​មែន​ជា​អ្នក​ចម្លង​ដោយ​ខ្លួន​ឯង​ផ្ទាល់​ទេ​នោះ។

ជួនកាល លក្ខណៈ​ពិសិដ្ឋ​នៃ​សាត្រា​ស្លឹករឹត​ត្រូវ​បាន​ស្តែង​ឡើង​យ៉ាង​ច្បាស់​តាម​រយៈ​ប្រព័ន្ធ​ចុះ​លេខ​ទំព័រ​ដែល​បាន​ប្រើប្រាស់៖ ព្យញ្ជនៈ​នៃ​រូបមន្ត​ពិសិដ្ឋ​មួយ​ដូចជា​រូបមន្ត នមោពុទ្ធាយ ជា​ឧទាហរណ៍ ដែល​ស្ថិតនៅ​ដាច់​ពី​គ្នា​ដូច​ជា​មន្រ្ត​ជាច្រើន ត្រូវ​បាន​ឆ្លាក់​នៅ​ខាង​ខ្នង​នៃ​សន្លឹក​ស្លឹករឹត​នីមួយ​ៗ ដូច​ជា​ការ​កំណត់​អំពី​លេខ​ទំព័រ​ដែរ ត្រង់​កន្លែង​ដែល​គេ​សរសេរ​លេខ​ឬ​ក៏​អក្សរ​មួយ​នៃ​អក្ខរក្រម។

រហូត​ដល់​ទសវត្ស​ឆ្នាំ​១​៩​២​០ ឋានានុក្រម​បុរាណ​​និយម​នៃ​ សង្ឃា ​បាន​ប្រឆាំង​តាម​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន ​នឹង​ការបោះពុម្ព​ផ្សាយ​អត្ថបទ​ខ្មែរ មាន​ជា​អាទិ៍​អត្ថបទ​សាសនា។ ជា​ការ​ពិត នៅក្នុង​ប្រទេស​កម្ពុជា​ពី​បុរាណ ការ​ឆ្លង​កាត់​ពី​អក្សរ​បុរាណ​ទៅ​កាន់​ការ​បោះពុម្ព​មិន​គ្រាន់​តែ​បង្ហាញ​អំពី​ការ​ផ្លាស់ប្តូរ​ផ្នែក​បច្ចេក​វិទ្យា​​ទាក់ទង​នឹង​របៀប​ចម្លង​អត្ថបទ​ប៉ុណ្ណោះ​ទេ៖ វា​​ពិត​ជា​ការ​ប្រែប្រួល​ទាំង​ស្រុង​នូវ​ទំនាក់ទំនង​សាសនារវាង​អ្នក​អាន​និង​អត្ថបទ​សាសនា​។

ការ​ប្រកាន់​សាសនា​តឹងរ៉ឹង​ ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អក្សរ​និង​ឃ្នាប​សាត្រា​ស្លឹករឹត​ ត្រូវ​បាន​ចំអក​ឡកឡឺយ​ដោយ​អ្នក​ប្រកាន់​​យក​​កំណែ​ទម្រង់ ​យក​លំនាំ​តាម​ ធម្ម​យុត្តិក​និកាយ ​នាំ​ចូល​មក​ពី​ប្រទេស​សៀម​ដោយ​ស្ដេច​ អង្គ ឌួង ក្រុម​នេះ​​ផ្ដល់​តម្លៃ​ដល់​ការ​យល់​អត្ថន័យ​នៃ​​អត្ថបទ។ ផ្ទុយ​ពី​មនុស្ស​ជំនាន់​មុន ឋានានុក្រម​កំណែ​ទម្រង់​ថ្មី​នៃ សង្ឃា ជា​ពិសេស​នៅ​ក្រោម​ការ​ជួយ​ជំរុញ​របស់​ព្រះ​សង្ឃ ជួន ណាត និង​ការ​ជួយ​ជំរុញ​របស់​ព្រះ​សង្ឃ ហួត ថាត យល់​អំពី​បទដ្ឋាន​ដែល​ចេញ​ពី​ការ​​បោះពុម្ព។ ឋានានុក្រម​នេះ​បាន​ផ្លាស់ប្ដូរ​ទាំង​ស្រុង​នូវ​គោល​ជំហរ​ជា​ផ្លូវការ ​ចំពោះ​ការ​បោះពុម្ព​ផ្សាយ​នូវ​អត្ថបទ​ដែល​ចាប់​ពី​ពេល​នោះ​មក​ ខ្លួន​បាន​ផ្ដល់​ការ​គាំទ្រ​យ៉ាង​សកម្ម។ ការ​ចាប់​ផ្ដើម​​បោះពុម្ព​ផ្សាយ​ទាំង​ស្រុង​ជា​ពីរ​ភាសា​នូវ​​ផ្នែក​ទាំង​បី​នៃ ​ព្រះត្រៃបិដក ​អម​ជាមួយ​ដោយ​អដ្ឋកថា​ដីកា​បិដក​​ដ៏​សំខាន់​បំផុត ដែល​បាន​ចាប់ផ្ដើម​ធ្វើ​នៅ​ឆ្នាំ​១​៩​៣​០ និង​បាន​បញ្ចប់​តែ​នៅ​ឆ្នាំ​១​៩​៦​៩​នោះ បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​អោយ​​បព្វជិត​បោះបង់​​ការ​អាន​សាត្រា។ ហើយ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ការបោះពុម្ព​ផ្សាយ​បែប​​នេះ​នៅ​តែ​គ្មានប្រទេស​ណាផ្សេង​​នៅ​លើ​ពិភពលោក​ធ្វើ​ដូច​ឡើយ​។ ជា​ការ​ពិត ការ​កំណត់​អក្ខរាវិរុទ្ធ​ខ្មែរ ដែល​​បាន​ធ្វើ​ឲ្យ​គេ​ទទួល​ស្គាល់​ថា​ជា​ភាព​ចាំបាច់​នៃ​វិធី​រៀប​អក្សរ​បោះពុម្ព​​នោះ បាន​ធ្វើ​ឲ្យ​របៀប​សរសេរ​បែប​បុរាណ​ទៅ​ជា​ហួស​សម័យ និង​បាន​ធ្វើ​ឲ្យ ​សាត្រា​ មិន​អាច​យល់​បាន​ឬ​ពិបាក​នឹង​យល់​ចំពោះ​អ្នក​អាន​សម័យ​ទំនើប។

ព្រម​ពេលជាមួយ​គ្នា​នេះ ការ​រីក​ចម្រើន​នៃ​វិស័យ​អប់រំ​ដែល​ចំនួន​ច្រើន​បំផុត​ពឹងផ្អែក​លើ​ការ​ប្រើប្រាស់​សៀវភៅ​បោះពុម្ព​នោះ បាន​ធ្វើ​ឲ្យ​យុវជន​ខ្មែរ​បាត់បង់​ទម្លាប់​កាន់​តែ​ខ្លាំង​ឡើង​ៗ​និង​ជា​ស្ថាពរ​ចំពោះ​អក្សរ​បុរាណ។

ដូច​ដែល​យើង​បាន​និយាយ​រួច​មក​ហើយ ប្រសិន​បើ​នេះ​ជា​ប្រពៃណី​នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវ​ដុត​សាត្រា​ស្លឹករឹត​នៅ​ក្នុង​គំនរ​អុស​បូជា​សព​អ្នក​កាន់​សាសនា​កំពូល​ៗ​នោះ យើង​ត្រូវ​ជឿជាក់​ថា​គេ​មិន​ដែល​ដុត​សៀវភៅ​បោះពុម្ព ហើយ​រឹត​តែ​មិន​ដែល​ដុត​ស៊ីឌីឡើយ។