ការងារលំអិតនៃអត្តសញ្ញាណកម្ម

ការ​ងារ​ចុះ​បញ្ជី​សារពើភ័ណ្ឌ​នៃ​អត្ថបទ​សាត្រា​ស្លឹករឹត ដែល​បាន​រកឃើញ​​នៅ​តាម​បណ្តា​វត្ត​អារាម​នានា​ក្នុង​ប្រទេស​កម្ពុជា ពឹងផ្អែក​ជា​បឋម​ទៅលើ​ការ​ធ្វើ​​អត្ត​សញ្ញាណកម្ម​​អត្ថបទ​សាត្រា​ស្លឹករឹត​ទាំង​នោះ។ ប៉ុន្តែ​នៅ​ទីនេះ ការ​លំបាក​ជាក់ស្តែង​ដែល​កើត​មាន​ឡើង​នៅ​ពេល​ដែល​យើង​ចង់​ធ្វើ​​អត្ត​សញ្ញាណ​កម្ម​នេះ ហាក់​ដូច​ជាមាន​លក្ខណៈ​សើរ​ៗ ថ្វី​ត្បិត​ថា​​ការ​លំបាក​ទាំង​នេះ​មិន​មាន​លក្ខណៈ​ពិសេស​ចំពោះ​តែ​សាត្រា​ស្លឹករឹត​នៅ​កម្ពុជា​ក៏​ដោយ៖

១) ពុំ​មាន​អត្ថបទ​ណាមួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ទេ ហើយ​សញ្ញាណ​ទាក់ទង​នឹង​អ្នក​និពន្ធ​ត្រូវ​បាន​គេ​លាក់បាំង​ទាំង​ស្រុង។ ជា​លក្ខណៈ​ពិសេស​បំផុត អត្ថបទ​មួយ​អាច​ត្រូវ​បាន​ជាប់​ព្រះ​នាម​​ព្រះ​អង្គម្ចាស់​មួយ​អង្គ ដូចជា​ក្រម​សីលធម៌​ (ច្បាប់) មួយ​ចំនួន​នៃ​សតវត្ស​ទី​​១​៧ ឬ​ក៏​​កំណាព្យ​នៃ​សតវត្ស​ទី​១​៩ ដែល​​​ជាប់​ព្រះនាម​​ស្តេច អង្គ ឌួង។ ចំពោះ​ការ​ជាប់​ព្រះនាម​​ទាំង​នេះ គឺ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ការ​ជាប់​ព្រះនាម​​នៃ​ស្នាដៃ​សំខាន់​ៗ​នៃ​អក្សរសិល្ប៍​ថៃ​ ដែល​ជាប់​ព្រះនាម​​ស្តេច​អង្គ​ណា​មួយ​នៃ​ប្រទេស​សៀម ដែល​គួរ​តែ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ចាត់ទុក​ថា​ជា​អ្នក​បញ្ជា​ធ្វើ ឬក៏​អាច​ជា​ម្ចាស់​ស្នាដៃ ជាជាង​ជា​អ្នក​និពន្ធ​ខ្លួន​ឯង​ផ្ទាល់ លើកលែង​តែ​​មាន​​សញ្ញា​សម្គាល់​ជា​វិជ្ជមាន​ណា​មួយ។

ជា​លក្ខណៈ​ពិសេស សៀវភៅ​បច្ចេកទេស​តូច​ៗ​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​ណាមួយ​ ឬ​វិស័យ​ណា​ផ្សេង​ទៀត ត្រូវ​បាន​អ្នក​កាន់កាប់​សៀវភៅ​ទាំង​នេះ​ដាក់​​ឈ្មោះ “គ្រូ” ណា​ម្នាក់​ ដោយ​សរសេរ​នៅ​​លើ​​កម្រប។ ប៉ុន្តែ ការ​ប្រៀបធៀប​សាត្រា​ស្លឹករឹត​ជាច្រើន​ដែល​មាន​ប្រភេទ​ដូចគ្នា ដែល​បាន​ដាក់​ឈ្មោះ​​គ្រូ​ជា​ច្រើន​នាក់​ផ្សេង​គ្នា ធ្វើ​ឲ្យ​ឃើញ​ថា ខ្លឹមសារ​នៃ​សាត្រា​ស្លឹករឹត​ទាំង​នេះ​មាន​ភាព​ស្រដៀង​គ្នា ហើយ​ថែម​ទាំង​មាន​លក្ខណៈ​ដូចគ្នា​បេះបិទ​ទៀត​ផង ខុសគ្នា​តែ​លក្ខណៈ​លម្អិត​មួយ​ចំនួន៖ មាន​តែ​ការ​រៀបចំ​និង​ការ​បង្ហាញ​នូវ​ផ្នែក​ផ្សេង​ៗ​នៃ​ស្នាដៃ​ប៉ុណ្ណោះ​ដែល​មាន​ការ​ផ្លាស់ប្តូរ។ គេ​ត្រូវ​ធ្វើ​ការ​សន្និដ្ឋាន​ថា ប្រសិន​បើ​ខ្លួន​មិនមែន​គ្រាន់​តែ​ជា​អ្នក​ចម្លង​ទេ​នោះ មនុស្ស​ដែល​បាន​ដាក់​ឈ្មោះ​គឺ​ជា​គ្រូ ដែល​នៅ​ក្រោម​អំណាច​របស់​គ្រូ​នេះ អ្នក​ចម្លងអាច​ធ្វើ​ការ​សិក្សា​ដោយ​ខ្លួន​ឯង​ផ្ទាល់​នូវ​មុខ​វិជ្ជា​ដែល​ទាក់ទង​នឹង​សាត្រា​ស្លឹករឹត​ដែល​ខ្លួន​ចម្លង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​និយាយ​ឲ្យ​ចំ​ទៅ មនុស្ស​នេះ​ ដែល​ជា​ទូទៅ​យើង​មិន​ដឹង​អ្វី​ទាល់​តែ​សោះ​ពី​មនុស្ស​នេះ មិន​មែន​ជា​អ្នក​និពន្ធ​អត្ថបទ​ទេ។​

ជួនកាល ប្រសិន​បើ​យើង​អាច​ឃើញ​មាន​​ឈ្មោះ​មួយ​នៅ​លើ​កម្រប​ ឬ​ក៏​នៅ​ក្នុង​ឃ្លា​ខាង​ចុង​នៃ​ស្នាដៃ​មួយ​នោះ ជា​ទូទៅ​គឺ​ជា​ឈ្មោះ​របស់​អ្នក​ចម្លង ហើយ​ជួនកាល​គឺ​ជា​ឈ្មោះ​របស់​អ្នក​ផ្តល់​ជំនួយ។ សារៈសំខាន់​​មួយ​ផ្នែក​នេះ​ដែល​ផ្តល់​​ឲ្យ​ដោយ​ជនជាតិ​ខ្មែរ​ចំពោះ​ការ​ធ្វើ​ស្នាដៃ​នានា គឺ​ពិត​ជា​ទាក់ទង​នឹង​សញ្ញាណ​នៃ កុសល ឬ​ក៏ អានិសង្ស ដែល​ទទួល​បាន​ដោយ​អ្នក​ដែល​ចម្លង​ឡើង​វិញ​នូវ​ស្នាដៃ​ដែល​នាំ​មក​នូវ​គុណធម៌ ហើយ​ថែម​ទាំង​ដោយ​អ្នក​ដែល​ផ្គត់ផ្គង់​ដល់​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ចម្លង​ទៀត​ផង។ ការ​ចង្អុល​បង្ហាញ​នេះ​មិនមាន​ផល​ប្រយោជន៍​ពិត​ប្រាកដ​ណា​មួយ​សម្រាប់​ប្រវត្តិ​នៃ​អត្ថបទ​ផ្ទាល់​ឡើយ។

២) ដូចគ្នា​នឹង​​សាត្រា​ស្លឹករឹត​ដែល​មិន​បាន​កំណត់​ឈ្មោះ​​​អ្នក​និពន្ធ​ណា​ម្នាក់​ សាត្រា​ស្លឹករឹត​របស់​ប្រទេស​កម្ពុជា​ក៏​មិនមាន​​ចុះ​កាល​បរិច្ឆេទ​ដែរ។ នៅ​ពេល​ដែល​កាល​បរិច្ឆេទ​មួយ​មាន​នៅ​លើ​កម្រប ឬ​ក៏​នៅ​ក្នុង​ឃ្លា​ខាង​ចុង ជានិច្ចកាល​គឺ​ជា​កាល​បរិច្ឆេទ​នៃ​ការ​ឆ្លាក់​សាត្រា​ស្លឹករឹត​ដែល​គេ​កាន់​នៅ​នឹង​ដៃ។ ហើយ​នៅ​ក្នុង​ករណី​ភាគ​ច្រើន​បំផុត កាល​បរិច្ឆេទ​នោះ​​គឺ​ថ្មី ចាប់ពី​ចុង​សតវត្ស​ទី​១​៩ ហើយ​ជារឿយ​ៗ​ទៀត​នោះ​ គឺ​ចាប់​ពី​ពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្ស​ទី​២​០។ សរុប​សេចក្តី​មក ការ​ចុះ​កាល​បរិច្ឆេទ​​សាត្រា​ស្លឹករឹត​មិន​បញ្ជាក់​អ្វី​មួយ​ទាល់​តែ​សោះ​អំពី​កាល​បរិច្ឆេទ​នៃ​ការ​តាក់តែង​អត្ថបទ ព្រោះ​ថា​សាត្រា​ស្លឹករឹត​ដែល​យើង​មាន​ គឺ​តែងតែ​ជា​ផ្លែផ្កា​នៃ​ភាព​បន្ត​គ្នា​ដ៏​វែង​នៃ​ការ​ចម្លង​ឡើង​វិញ​ជា​បន្ត​បន្ទាប់ ហើយ​សញ្ញាណ​នៃ "ប្រភព​ដើម"​ មិន​អាច​កំណត់​បាន​ទេ។

យើង​ត្រូវ​បញ្ជាក់​បន្ថែម​ថា ជួនកាល​ ប្រសិន​បើ​កាល​បរិច្ឆេទ​ដែល​ចុះ​នៅ​លើ​សាត្រា​ស្លឹករឹត​មាន​ភាព​ច្បាស់លាស់​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​នោះ ដែល​បញ្ជាក់​អំពី​ខែ ដំណើរ​ព្រះ​ចន្ទ ថ្ងៃ​នៃ​សប្តាហ៍ ហើយ​ជួន​កាល​ថែមទាំង​អំពី​ម៉ោង​នៃ​ថ្ងៃ​ទៀត​នោះ ជា​ញឹកញាប់​បំផុត ​កាល​បរិច្ឆេទ​ទាំង​នោះ​ភ្លេច​បញ្ជាក់​អំពី​សករាជ​នៃ​ឆ្នាំ។

៣) ប្រភព​ដើម​នៃ​អត្ថបទ​មិន​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​ត្រឹមត្រូវ​នៅលើ​សាត្រា​ស្លឹករឹត​ទាល់​តែ​សោះ។ ហើយ​នៅ​ពេល​ដែល​ជា​ការ​បកប្រែ ភាសា​ដើម​មិន​ត្រូវ​បាន​បញ្ជាក់​ប្រាប់​ទេ លើកលែង​តែ​ជួនកាល​ជា​ភាសា​បាលី។ ឈ្មោះ​របស់​អ្នក​បកប្រែ​ក៏​មិន​បាន​បញ្ជាក់​ប្រាប់​ដែរ ហើយ​ការ​បកប្រែ​នេះ​ធ្វើ​ឡើង​នៅ​ពេល​ណា​ក៏​រឹត​តែ​មិន​ត្រូវ​បាន​បញ្ជាក់​ប្រាប់​ទៅ​ទៀត។ ជួនកាល ឈ្មោះ​វត្ត​អារាម​ដែលគេ​យក​​សាត្រា​ស្លឹករឹត​​មក​​ប្រើ​ជា​គំរូ​សម្រាប់​ការ​ចម្លង​ អាច​ត្រូវ​បាន​បញ្ជាក់​ប្រាប់ ប៉ុន្តែ​មាន​តែ​នៅ​លើ​សាត្រា​ស្លឹករឹត​ក្រោយ​ៗ​ប៉ុណ្ណោះ ជា​ទូទៅ​គឺ​នៅ​ក្រោយ​ពាក់​កណ្តាល​សតវត្ស​ទី​២​០។

៤) នៅ​ទី​បញ្ចប់ បញ្ហា​ទាក់ទង​នឹង​ចំណង​ជើង​សាត្រា​ស្លឹករឹត​មាន​​ច្រើន​ចំណុច។ សាត្រា​ស្លឹករឹត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៃ​អក្សរសិល្ប៍​សាសនា​របស់​ប្រទេស​កម្ពុជា មិន​មាន​ចំណង​ជើង​ផ្ទាល់​ខ្លួន​ទេ។ ជា​ឧទាហរណ៍ ដូចជា​ករណី​នៃ​ក្បួន​​កម្មដ្ឋាន​​ដ៏​ច្រើន​​ច្បាប់ ​ដែល​ទោះ​ជា​វា​មាន​ខ្លឹមសារ​​ខុស​ៗ​គ្នា​ក៏​ដោយ ក៏​​ចំណង​ជើងវា​ដូច​គ្នា​គឺ​ មូល​ព្រះ​កម្មដ្ឋាន ឬ​ក៏​ករណី​នៃ​ភាព​ប្លែក​ៗ​គ្នា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៃ​សាត្រា​ស្លឹករឹត​​​ដែល​ទាក់ទង​នឹង​វិន័យ​របស់​វត្ត​អារាម នៅ​លើ​សន្លឹក​កម្រប​សុទ្ធ​តែ​មាន​សរសេរ​ថា​ វិន័យ ដូច​ៗ​គ្នា។

ផ្ទុយ​មក​វិញ សាត្រា​ស្លឹករឹត​ផ្សេង​​​ទៀត​ដែល​គេ​អាច​កំណត់​អត្ត​សញ្ញាណ​បាន​យ៉ាង​ត្រឹមត្រូវ មាន​ចំណង​ជើង​ច្រើន​ទៅតាម​សាត្រា​។ ជា​ឧទាហរណ៍ ដូច​ជា​ករណី​មេរៀន​ខ្មែរ​នៃ​សាត្រា​ស្លឹករឹតមក​ពី​សិរីលង្កា​អភិធម្មត្ថសង្គហ ដែល​មាន​ចំណង​ជើង​ដូចគ្នា​នឹង អភិធម្ម​៩​បរិច្ឆេទ ឬ​ក៏ អភិធម្ម​សង្រ្គោះ ឬ​ក៏​មេរៀន​នៃ មិលិន្ទ​ប្បញ្ហា ដែល​មាន​ចំណង​ជើង​ដូច​គ្នា​នឹង នាគសេន ឬ​ក៏ ក្រុង​មិលិន្ទ។

យ៉ាង​ហោច​ណាស់​នៅ​ក្នុង​អំឡុង​ពេល​ឆ្នាំ​​ដំបូង​ៗ​នៃ​បេសកកម្ម​របស់ EFEO-FEMC នៅ​ប្រទេស​កម្ពុជា បន្ថែម​ពី​លើ​ការ​លំបាក​ជា​ទូទៅ​ទាំង​នេះ​ក្នុង​ការ​ធ្វើ​​អត្ត​សញ្ញាណកម្ម​​អត្ថបទ មាន​ការ​លំបាក​ពិសេស​ៗ​ដែល​បណ្តាល​មក​ពី​សំណល់​បាក់បែក​នៃ​បណ្ណាល័យ និង​ភាព​កម្រ​នៃ​សាត្រា​ស្លឹករឹត។ ជា​ការ​ពិត ជិត​៦​៥​%​នៃ​អត្ថបទ​ត្រូវ​បាន​រក​ឃើញ​ និង​ជួសជុល​​ឡើង​វិញ​ដោយ​ក្រុ​ម​ការងារ​នេះ នៅ​ចន្លោះ​ឆ្នាំ​១​៩​៩​១និង​ឆ្នាំ​១​៩​៩​៦ នៅ​ក្នុង​វត្ត​ចំនួន​៣​៩​៣ នៅ​ទីក្រុង​ភ្នំពេញ​និង​នៅ​ខេត្ត​កណ្តាល មាន​តែ​​មួយ​ច្បាប់ ហើយ​​ជា​ទូទៅ​មាន​លក្ខណៈ​មិន​ពេញលេញ​។ ក្នុង​បណ្តា​ឆ្នាំ​ទាំង​នេះ​ដែល​ហាក់​ដូច​ជា​មានរយៈ​ពេល​វែង ការ​រីក​ចម្រើន​ទៅ​មុខ​នៃ​ការងារ​របស់​យើង​ហាក់​ដូច​ជា​ស្ថិត​នៅ​ក្នុង​ភាព​មិន​ជាក់​លាក់។ ការ​ធ្វើ​អត្ត​សញ្ញាណ​កម្ម​អត្ថបទ ដែល​ជា​ញឹកញាប់​គឺ​ជា​បំណែក​នៃ​អត្ថបទ​ដែល​យើង​បាន​រកឃើញ មាន​តែ​ភាព​អ​វិជ្ជមាន​ប៉ុណ្ណោះ៖ យើង​​គ្រាន់​តែ​អាច​​បង្ហាញ​ថា​អត្ថបទ​នៃ​សាត្រា​ស្លឹករឹត​ណា​មួយ​មាន​ភាព​ខុស​គ្នា​ពី​អត្ថបទ​ដទៃ​ទៀត​ប៉ុណ្ណោះ។ លុះ​ដល់​ពេល​យើង​រក​ឃើញ​សាត្រា​បាន​ច្រើន​ដោយសារ​ការ​ពង្រីក​ការងារ​នេះ​ទៅ​ហួស​ពី​ព្រំដែន​នៃ​ខេត្ត​កណ្តាល មាន​ជាអាទិ៍​ទៅ​ដល់​​ខេត្ត​កំពង់ចាម​និង​ខេត្ត​សៀមរាប​​ ទើប​យើង​​អាច​ឲ្យ​ធ្វើការ​ផ្ទៀងផ្ទាត់​រវាង​អត្ថបទ​​ឬ​ក៏​បំណែក​នៃ​អត្ថបទ​ស្រដៀង​ៗ​គ្នា​​និង​ធ្វើ​អត្ត​សញ្ញាណកម្ម​​អត្ថបទ​ ឬ​ក៏​បំណែក​អត្ថបទ​​ទាំង​នោះ​ដោយ​ភាព​វិជ្ជមាន។