ចំណាត់ថ្នាក់សាត្រាស្លឹករឹត

ជា​ដំបូង ការ​លំបាក​ដ៏​ធំ​ដែល​យើង​ជួប​ប្រទះ​​ក្នុង​ការ​បង្ក​បង្កើត​ឡើង​វិញ​នូវ​អ្វី​ដែល​អាច​ជា​អក្សរសិល្ប៍​បុរាណ​នៃ​វត្ត​អារាម​នានា គឺ​នៅ​ត្រង់​ថា​ការ​ចងចាំ​អំពីអតីតកាល​​នៃ​អក្សរសិល្ប៍​នេះ មិនមាន​ភាព​ច្បាស់លាស់​នៅក្នុង​ស្មារតី​រស់​​ណា​មួយ​ឡើយ។ ក្តី​កង្វល់​លើ​ពិធី​និង​លទ្ធិ​សាសនា​​នៃ​អ្នក​អក្សរសាស្រ្ត​​ខ្មែរ​ដែល​មាន​អត្ថបទ​ជា​ភាសា​ដើម​ និង​ជា​ស្មារតី​ចងចាំ​រស់​រវើក​​នោះ មិន​ដែលចោទ​សួរ​អំពី​​វិធីសាស្រ្ត ​ប្រវត្តិសាស្រ្ត​និង​អំពី​ការ​​រិះគន់​បែប​​និរុត្តិវិទ្យា​ឡើយ។ ការ​មិន​ចោទ​សួរ​បែប​នេះ​​​មិន​ទាក់ទង​នឹង​ភាព​អ​វិជ្ជា​ទេ ប៉ុន្តែ​​ចំណេះដឹង​របស់​បុព្វជិត​ខ្មែរ ចំណេះដឹង​របស់​គ្រូ ឬ​​របស់​អាចារ្យច្រើន​តែ​ប្រើ​សម្រាប់​អនុវត្ត​ផ្ទាល់។ ចំណេះដឹង​នេះ​មិន​គិតគូរ​ដល់​ប្រវត្តិ​អក្សរសិល្ប៍​នៃ​អត្ថបទ ដល់​ការ​កំណត់​អត្ត​សញ្ញាណ​បែប​រិះគន់​នៃ​សាលា​រៀន​ដែល​​ទាក់ទង​នឹង​ការ​បង្រៀន​របស់​ខ្លួន​ទេ ហើយ​រឹតតែ​មិន​គិតគូរ​ដល់​វិធី​ផ្ទេរ​ចំណេះដឹង​ផ្នែក​លទ្ធិ​ដែល​មាន​នៅ​ក្នុង​អត្ថបទ​ទាំង​នោះ​ទៅ​ទៀត។

យើង​ត្រូវ​បញ្ជាក់​បន្ថែម​ថា ចាប់តាំង​ពី​ដើម​សតវត្ស​ទី​២​០មក​ និង​រហូត​ដល់​ចុង​ទសវត្ស​ឆ្នាំ​១​៩​៦​០ ក្តី​កង្វល់​របស់​បញ្ញាវ័ន្ត​និង​ជា​បទដ្ឋាន​នៃ​ផ្នែក​មួយ​ដែល​មាន​ឥទ្ធិពល​ នៅក្នុង​ឋានានុក្រម​នៃ​សហធម្មិក​ព្រះពុទ្ធ​សាសនា​ខ្មែរ ដែល​មាន​បំណង​ចង់​ជំរុញ​ឲ្យ​មាន​ការ​វិល​ត្រឡប់​មក​កាន់​អ្វី​ដែល​ខ្លួន​ចាត់ទុក​ថា​ជា​យថាភាព​ត្រូវ​តាម​បិដក ដែល​ខ្លួន​មាន​បំណង​ចង់​ឃើញ​មាន​នៅក្នុង​លក្ខណៈ​វិនិច្ឆ័យ​ដ៏​ត្រឹមត្រូវ​តាម​ច្បាប់​សាសនា​សិរីលង្កា​នោះ បាន​ឈាន​ទៅ​ដល់​ការ​ផ្តល់​អាទិភាព​ដល់​​ការ​សិក្សា​អត្ថបទ​ជា​ភាសា​បាលី​ទាំង​ស្រុង ដោយ​ផាត់ចោល​នូវ​រាល់​ការ​គិតគូរ​ចំពោះ​អត្ថបទ​ជា​ភាសា​ដើម។ ដូច្នេះ ​ដូច​ករណី​នៅ​កន្លែង​ដទៃ​ទៀត​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ដែរ អក្សរសិល្ប៍​​សាសនា​​ទាំង​មូល​នៅ​ក្នុង​ស្រុក ដែល​ជា​សក្ខីកម្ម​​នៃ​ការ​​ច្នៃ​ប្រឌិត​ផ្នែក​អក្សរសិល្ប៍​ដែល​មាន​លក្ខណៈ​ដើម​នៅ​ប្រទេស​កម្ពុជា នៅ​ក្នុង​បណ្តា​សតវត្ស​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​លាក់បំបាំង មុន​នឹង​ត្រូវ​បាន​គេ​បំភ្លេច​ចោល នៅ​ពេល​ដែល​​អក្សរសិល្ប៍​ទាំង​នេះ​មិន​ទាន់​បាន​ក្លាយ​​ជា​កម្ម​វត្ថុ​នៃ​ការ​រិះគន់​បែប​បំផ្លិច​បំផ្លាញ​ផង​នោះ។ ប្រសិន​បើ​យើង​លើកលែង​ចេញ​នូវ​ការ​កត់​សម្គាល់​ផ្នែក​អក្សរសិល្ប៍​ដ៏​សំខាន់​របស់​លោក​ ញ៉ុក ថែម ដែល​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី កម្ពុជ​សុរិយា នៅ​ចន្លោះ​ឆ្នាំ​១​៩​៦​៥​និង​ឆ្នាំ​១​៩​៦​៨​នោះ អ្នក​ប្រាជ្ញ​ខ្មែរ​នៃ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត ដែល​បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​​ការ​ផ្សព្វផ្សាយ​នៅ​ប្រទេស​កម្ពុជា នូវ​​អក្សរសិល្ប៍​បែប​ពុទ្ធ​សាសនា​នៅក្នុង​ជាតក​​នោះ មិន​​សូវ​ផ្តល់​ការ​គាំទ្រ​ចំពោះ​ការ​អនុវត្ត​វិធីសាស្រ្ត​នៃ​នរុត្តិវិទ្យា​បែប​រិះគន់ ដល់​ការ​សិក្សា​អត្ថបទ​ជា​ភាសា​ខ្មែរ​ឡើយ ប៉ុន្តែ​​គឺ​ផ្ទុយ​​ទៅ​វិញ​ទេ។

ចំណែក​ឯ​អ្នកប្រាជ្ញ​បស្ចិម​ប្រទេស​វិញ មាន​ជាអាទិ៍​អ្នកប្រាជ្ញ​នៃ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស រឹតតែ​មិន​បាន​ធ្វើ​ការ​ពិពណ៌នា​​ទាំង​ស្រុង​​អំពី​អក្សរសិល្ប៍​នេះ​ទៅ​ទៀត។ ជា​ឧទាហរណ៍ ការ​សិក្សា​ស្រាវជ្រាវ​ស្តីពី​អក្សរសិល្ប៍​ប្រទេស​ឡាវ ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ដែល​បាន​បោះពុម្ព​ផ្សាយ​ដោយ​លោក Louis Finot នៅ​ឆ្នាំ​១​៩​១​៧ មិនមាន​សមមូល​ណាមួយ​ជាមួយ​នឹង​អក្សរសិល្ប៍​ខ្មែរ​ឡើយ (Finot 1917)។

នៅ​ក្នុង​កាល​ប្រវត្តិ​របស់​បណ្ណាល័យ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​ (BEFEO) ឆ្នាំ​១​៩​១​២ លោក George Cœdès ពិត​ជា​បាន​ជូន​ដំណឹង​អំពី​អនាគត​នៃ​ការ​បោះពុម្ព​ផ្សាយ​បញ្ជី​សារពើភ័ណ្ឌ​ទូទៅ​មួយ អម​ជាមួយ​ដោយ​កំណត់​សម្គាល់​ខ្លី​មួយ​នៅ​លើ​សៀវភៅ​នីមួយ​ៗ ដោយ​ពឹងផ្អែក​លើ “បញ្ជី​ដែល​មាន​លក្ខណៈ​ពេញលេញ​និង​ស្ថាពរ​មួយ​នៃ​គ្រប់​សៀវភៅ​ទាំង​អស់​ដែល​សរសេរ​ជា​ភាសា​ខ្មែរ” ដែល​បង្កើត​ចេញពី “បញ្ជី​សារពើភ័ណ្ឌ​ចំនួន​ពីររយ​ដែល​បាន​ធ្វើ​ដោយ​យក​ចិត្ត​ទុក​ដាក់” ដោយ​ព្រះចៅ​អធិការ​វត្ត (Cœdès 1912, 176) ប៉ុន្តែ​គម្រោង​នេះ​មិន​ដែល​កើត​ចេញ​ជា​រូបរាង​ទាល់​តែ​សោះ។

ជិត​ពីរ​ទសវត្ស​ក្រោយ​មក Suzanne Karpelès មាន​​តួនាទី​សំខាន់​បំផុត​ក្នុង​ការ​បង្កើត​ស្ថាប័ន​ខ្មែរ​ធំ​ៗ ដែល​ទទួល​បន្ទុក​បង្កើត​បញ្ជី​សារពើភ័ណ្ឌ និង​អភិរក្ស​អក្សរសិល្ប៍​របស់​ប្រទេស​កម្ពុជា មាន​ដូច​ជា​ព្រះរាជ​បណ្ណាល័យ ហើយ​ក្រោយ​មក​គឺ​បណ្ណាល័យ​របស់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត។ អ្វី​ដែល​​សំខាន់​គឺ​គាត់​ហាក់​ដូច​ជា​មាន​មហិច្ឆតា​​គរុកោសល្យ ដែល​សំដៅ​អនុគ្រោះ​ដល់​ការ​បង្កើន​កម្រិត​ទូទៅ​នៃ​ចំណេះដឹង​របស់​បុព្វជិត​នៃ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​លើក​តម្កើង​ការ​សិក្សា​បែប​ឥណ្ឌា មាន​ជាអាទិ៍​តាម​រយៈ​ការ​លើក​តម្កើង​ការ​សិក្សា​ភាសា​បាលី។

ដូច្នេះ លោក François Bizot ដែល​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ទី​មួយ​ ពិត​ជា​បាន​​ធ្វើការ​សិក្សា​ទាំងស្រុង​​អំពី​អក្សរសិល្ប៍​សាសនា​ជា​ភាសា​ដើម​របស់​ប្រទេស​កម្ពុជា។ ចាប់តាំង​ពី​ជាង​សាមសិប​ឆ្នាំ​មក​ហើយ លោក​បាន​សិក្សា​​ស៊ី​ជម្រៅ ​អំពី​ចំណេះដឹង​នៃ​អំបូរ​ដើម​អត្ថបទ​​ទាក់ទង​នឹងការ​អង្គុយ​ភាវនា​ក្នុង​បុណ្យ​ប្រពៃណី ដែល​មាន​លក្ខណៈ​ពិសេស​ផ្ទាល់​ចំពោះ​ការ​គោរព​ថេរវាទ​​ឥណ្ឌូចិន។ ការ​សិក្សា​របស់​លោក​​បាន​ផ្តល់​នូវ​ឧបករណ៍​សម្គាល់​ដ៏​មាន​តម្លៃ សម្រាប់​ការ​ធ្វើ​​អត្ត​សញ្ញាណ​កម្ម​អត្ថបទ​ដែល​ស្ថិត​នៅ​ក្នុង​ប្រពៃណី​នេះ ហើយ​ដែល​ខ្លឹមសារ​​របស់​វា​គឺ​ចាំបាច់​​បំផុត​សម្រាប់​ស្វែង​យល់​និង​ពិពណ៌នា​អំពី​ប្រវត្តិ​នៃ​ពុទ្ធ​សាសនា​ឥណ្ឌូចិន។