អំពីអតីតភាពនៃសាត្រាស្លឹករឹតរបស់ប្រទេសកម្ពុជា

ខណៈ​​ដែល​សាត្រា​ស្លឹករឹត​ឥណ្ទា​ដ៏​ចំណាស់​ជាង​គេ​បំផុតដែល​គេ​រក្សា​ទុក មាន​ចុះ​កាល​បរិច្ឆេទ​​នៅ​សតវត្ស​ទី​១​២​នោះ សាត្រា​ស្លឹករឹត​ខ្មែរ​មិន​ដែល​មាន​វ័យ​ចំណាស់​ទេ។ ក្នុង​ករណី​មួយ​លើក​លែង យើង​ឃើញ​មាន​សាត្រា​ស្លឹករឹត​មួយ​ចំនួន​ធ្វើ​នៅ​ចុង​​សតវត្ស​ទី​១​៨។ ប៉ុន្តែ​នៅ​ក្នុង​ករណី​ភាគច្រើន ពិតមែន​តែ​សាត្រា​ស្លឹករឹត​ទាំង​នោះ​កម្រ​បាន​ចុះ​កាល​បរិច្ឆេទ​ក៏​ដោយ ក៏​យើង​អាច​វាយ​តម្លៃ​បាន​ថា​សាត្រាស្លឹករឹត​ទាំង​នោះ​​ត្រូវ​បាន​ឆ្លាក់​នៅ​ចុង​សតវត្ស​ទី​១​៩ ឬ​នៅ​ក្នុង​អំឡុង​សតវត្ស​ទី​២​០។ នេះ​បើ​តាម​ស្ថានភាព​នៃ​ការ​អភិរក្ស​ឃ្នាប តាម​សក្ខីកម្ម​នានា​និង​​តាម​ការ​​ប្រៀបធៀប​ជាមួយ​សាត្រា​ស្លឹករឹត​ដែល​បាន​ចុះ​កាល​បរិច្ឆេទ។​

វា​មិន​មែន​ជា​ការ​ជ្រុល​ហួសហេតុ​ទេ​ដែល​និយាយ​ថា បរិមាណ​ដ៏​ច្រើន​ជាង​គេ​បំផុត​នៃ​អ្វី​ដែល​នៅ​សេសសល់​ពី​សាត្រា​ស្លឹករឹត​មាន​កាល​បរិច្ឆេទ​នៅ​ក្រោយ ហើយ​ជួនកាល​ មិន​ត្រឹម​តែ​ក្រោយ​សម័យ​អាណាព្យាបាលបារាំង​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លើស​ពី​នោះ​ទៀត គឺ​​នៅ​ក្រោយ​សម័យ​​ចាប់ផ្តើម​​កំណែ​ទម្រង់​​​​យក​លំនាំ​តាម​ ធម្មយុត្តិកនិកាយ ដែល​​គាំទ្រ​យ៉ាង​សកម្ម​ចំពោះ​​ការ​យល់​អត្ថន័យ​អត្ថបទ និង​ការ​បោះពុម្ព​អោយ​ខាង​តែ​បាន។ នៅ​ដើម​សតវត្ស​នេះ ការ​យក​ចិត្ត​ទុក​ដាក់​របស់​​អាណាព្យាបាល​​បារាំង​ក្នុង​ការ​ដាក់​ទប់​​ឥទ្ធិពល​របស់​​ប្រទេស​សៀម​មក​លើ​ប្រទេស​កម្ពុជា និង​ឆន្ទៈ​ដ៏​ពិត​ប្រាកដ​ក្នុង​ការ​អភិវឌ្ឍន៍​​បញ្ញវន្ត​ក្នុង​​ប្រទេស​នេះ បាន​ដើរ​ទន្ទឹម​គ្នា​​​​ជាមួយ​នឹង​ឆន្ទៈ​របស់​បុព្វជិត​ខ្មែរ​ ក្នុង​ការ​លើក​កម្ពស់​កម្រិតទូទៅ​នៃ​ការ​សិក្សា​របស់​ខ្លួន។ ជា​លទ្ធផល ហេតុផល​ក្នុង​ពេល​តែ​មួយ​នេះ បាន​នាំ​ឲ្យ​មាន​ការ​បញ្ជូល​មក​ក្នុង​ហោត្រៃ​​នានា​នៅ​ប្រទេស​កម្ពុជា នូវ​ចំនួន​ដ៏​ច្រើន​នៃ​អត្ថបទ​ចម្លង​​ជា​ភាសា​បាលី​​បែប​​ជាតក​ឬ​ក្រោយ​ជាតក ដែល​​កាល​ពី​ពេល​មុន​មិន​មាន​នៅ​ប្រទេស​កម្ពុជា​ទេ ហើយ​ដែល​​រហូត​មក​ទល់​ពេល​នោះ​ គឺ​​ត្រូវ​ទៅមើល​​នៅ​ប្រទេស​សៀម​នៅ​ពេល​មាន​តម្រូវការ។

ការ​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​រដ្ឋបាល​បារាំង​សម័យ George Cœdès នូវ​​ព្រះរាជ​បណ្ណាល័យ វជិរញាណ នៃ​ទីក្រុង​បាងកក​នៅ​ឆ្នាំ​១​៩​១​៦​​-១​៩​១​៨ ធ្វើ​មាន​ឧប្បត្តិហេតុ​ដ៏​ពិសេស​មួយ​ក្នុង​វិស័យ​នេះ​សម្រាប់​ប្រទេស​កម្ពុជា។ ស្ដេច មង្គត់ និង​មហា​សង្ឃរាជ វជិរញាណវរោរស ​មិន​ត្រឹម​តែ​មាន​​បណ្ណាល័យ​​មួយ​ដែល​សំបូរ​ឯកសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​ទាំង​មាន​សំណុំ​ឯកសារ​ដែល​ប្រមូល​ទុក​​ដោយ​ស្ថាបនិក​នៃ​ ធម្ម​យុត្តិក​និកាយ ខ្លួន​ឯង​​ផ្ទាល់ ហើយ​ George Cœdès បាន​ឲ្យ​គេ​ចម្លង​​អត្ថបទ​ជាច្រើន​ដែល​​កម្រ​មាន​នៅ​ប្រទេស​កម្ពុជា ឬ​ក៏​អត្ថបទ​ដែល​ត្រូវ​បាន​ស្គាល់​រហូត​មក​ទល់​ពេល​នោះ​ដោយ​បុព្វជិត​ខ្មែរ​តែ​តាម​រយៈ​ការ​ចម្លង​​ដែល​ត្រូវ​បាន​គេ​វិនិច្ឆ័យ​ថា​មិន​ត្រឹមត្រូវ។

បន្ថែម​ពីលើ​ប្រភេទ​ទាំង​ពីរ​នៃ​សាត្រា​ស្លឹករឹត​ ដែល​ជា​​សំណុំ​ឯកសារ​​បញ្ជូន​មក​ប្រទេស​កម្ពុជា​កាល​ពី​អតីតកាល និង​សាត្រា​​ចម្លង​​ថ្មី​ៗ​មក​ពី​ប្រទេស​សៀម នៅ​ទីក្រុង​ភ្នំពេញមាន​សាត្រា​ប្រភទ​​​ទី​បី​មួយ​ទៀត​ដែល​គេ​ធ្វើ​ក្រោយ​ឡើង ជា​ជំនាន់​ទីពីរ​នៃ​សាត្រា​ស្លឹករឹត​​ភាសា​បាលី ដែល​ត្រូវ​បាន​ចម្លង​ឡើង​វិញ​នៅ​ក្នុង​បណ្ណាល័យ​និង​សម្រាប់​បណ្ណាល័យ។​ សាត្រា​ស្លឹករឹត​ទាំង​នេះ​​ត្រូវ​បាន​ឆ្លាក់​​ទុក​សម្រាប់​ឲ្យ​អ្នក​ស្រាវជ្រាវ ​គឺ​មិនមែន​ក្នុង​ទស្សនវិស័យ​សាសនា​ដើម្បី​ទទួល​បាន​នូវ​បុណ្យ​កុសល​អ្វី​ទេ។ ដូច្នេះ ជា​ទូទៅ សាត្រា​ស្លឹករឹត​ទាំង​នេះ​ ​ត្រូវ​បាន​ឆ្លាក់​ដោយ​បុគ្គលិក​រដ្ឋបាល​ដែល​​គេ​​ប្រើ​អោយ​ធ្វើ​កិច្ចការ​នេះ ហើយ​​ធ្វើ​មិន​សូវ​បាន​ល្អ​ឡើយ។ ជា​ឧទាហរណ៍ ទាក់ទង​នឹង​អត្ថបទ​ជា​ភាសា​បាលី កំហុស​ដ៏​ច្រើន​​បញ្ជាក់​ថា អ្នក​ចម្លង​ត្រូវ​បាន​គេ​ជ្រើសរើស​ដោយ​សារ​តែ​​ពួក​គេ​អក្សរ​ស្អាត​ ជាជាង​ការ​ដែល​ពួក​គេ​ចេះ​ភាសា​​ច្បាស់​លាស់។