ប្រពៃណីសាត្រាស្លឹករឹតនៅប្រទេសកម្ពុជា

នៅ​ប្រទេស​កម្ពុជា វត្តមាន​នៃ​សាត្រា​ដែល​បាន​ឆ្លាក់​នៅ​លើ​ស្លឹកដើម​ទ្រាំង គឺ​ពិត​ជា​មាន​លក្ខណៈ​ចំណាស់​សើ្ម​នឹង​សម័យ​មាន​ឥទ្ធិពល​នៃ​អារ្យធម៌​ឥណ្ឌា​នៅ​ក្នុង​តំបន់​ដែរ។ ​សាត្រា​ស្លឹករឹត​​ប្រភេទ​នេះ​ពិត​ជា​មាន​វត្តមាន​ដំណាល​គ្នា​នឹង​​ការ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា នូវ​ព្រះ​ពុទ្ធ​សាសនា​និង​សាសនា​ផ្សេង​ទៀត​ដែល​​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា។ ជា​ការ​ពិត ទម្រង់​សៀវភៅ​បែប​នេះ​ក៏​​មាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ភាគ​ខាង​ត្បូង​ទាំង​មូល ប្រទេស​ភូមា ប្រទេស​សៀម​ក៏​ដូច​ជា​ប្រទេស​ឡាវ ហើយ​ប្រាដក​ជា​មាន​វត្តមាន​​នៅ​ប្រទេស​កម្ពុជា​ យ៉ាង​ហោច​ណាស់​តាំងពី​សតវត្ស​ទី​១​២​មក តាម​រយៈ​ចម្លាក់​ដ៏​អស្ចារ្យ​នៅ​ក្នុង​ប្រាសាទ​អង្គរ​វត្ត ដែល​បង្ហាញ​នូវ​រូប​អប្សរា​កាន់​សៀវភៅ​មួយ​ក្បាល។ ម្យ៉ាង​ទៀត អ្នក​ទស្សនា​ជនជាតិ​ចិនឈ្មោះ ជីវ តាក្វាន់ ដែល​បាន​ទស្សនា​រាជ​ធានី​ខ្មែរ​នៅ​ឆ្នាំ​១​២​៩​២ បាន​បញ្ជាក់​នៅ​ក្នុង​កំណត់​ហេតុ​ធ្វើ​ដំណើរ​របស់​លោក​​ថា បព្វជិត​សូត្រ​ធម៌​ប្រចាំ​ថ្ងៃ​ដោយ​អាន​សៀវភៅ​ដែល​ធ្វើ​ឡើង​ពី​ "ស្លឹករឹត​ចង​ផ្អោប​គ្នា​យ៉ាង​ស្មើ នៅលើ​ស្លឹករឹត​ទាំង​នេះ ព្រះសង្ឃ​សរសេរ​អក្សរ​ពណ៌​ខ្មៅ ប៉ុន្តែដោយ​ព្រះសង្ឃ​ទាំង​នោះ​មិន​ប្រើ​ ​ជក់​ឬ​ក៏​ទឹកខ្មៅ​នោះ ខ្ញុំ​មិន​ដឹង​ថា​ព្រះសង្ឃ​​ប្រើ​អ្វី​សរសេរ​ឡើយ" (Pelliot, 1915:15)។ នៅ​ត្រង់​នេះ យើង​អាច​សម្គាល់​បាន​ដោយ​ងាយស្រួល​នូវ​ឃ្នាប​ធ្វើ​ពី​ស្លឹករឹត ដែល​នៅលើស្លឹក​​នោះ ​អត្ថបទ​​ពិសិដ្ឋ​ពិត​ជា​ត្រូវ​បាន​ឆ្លាក់​ដោយ​ប្រើ​មុខ​ស្រួច​ស្ងួត​នៃ​ដែកចារ គឺ​មិន​មែន​គូស​ដោយ​ប្រើ​ជក់​ឡើយ។

La tradition des manuscrits au Cambodgeការ​ផលិត​សៀវភៅ​ប្រើ​ឃ្នាប ដែល​ប្រពៃណី​នៃ​ការ​ផលិត​នេះ​​ពិត​ជា​មាន​អាយុ​ជាង​មួយ​ពាន់​ឆ្នាំ​មក​ហើយ​នៅ​ប្រទេស​កម្ពុជា។ គេ​ចាប់​ផ្តើម​ដោយ​ការ​បេះ​​ស្លឹករឹត​ចុងក្រោយ នៅ​ពេល​ដែល​វា​​បែក​ជា​កន្ទុយ​ប្រើស គឺ​មាន​ន័យ​ថា​នៅ​ពេល​ដែល​វា​រីកធំ​ពេញលេញ ប៉ុន្តែ​មិន​ទាន់​រីក​សាយភាយ​នៅ​ខាង​ចុង​ធាង​របស់​វា​នៅ​​​ឡើយ។ គេ​កាត់​ស្លឹក​ដោយ​ប្រើ​រណារ បន្ទាប់​មក​​ គេ​​កាត់​ចេញ​នូវ​ផ្នែក​ខាង​ចុង​ដែល​មិន​អាច​ប្រើប្រាស់​បាន ដោយ​រក្សាទុក​តែ​ពីរ​ភាគ​បី​នៃ​ផ្នែក​កណ្តាល​ស្លឹក ហើយ​​​បន្ទាប់​មក​ទៀត​ត្រូវ​​យក​ស្លឹក​ទៅ​​ហាល​ឲ្យ​ស្ងួត​​ក្នុង​រយៈពេល​មួយ​សប្តាហ៍។ បន្ទាប់​មក​ទៀត គេ​​ដាក់​ត្រួត​លើ​គ្នា​យ៉ាង​ផ្ចិត​ផ្ចង់​​នូវ​ស្លឹក​ចំនួន​ប្រមាណ​ជា​ហាសិប​ឬ​មួយ​រយ​​សន្លឹក​នៅក្នុង “ឃ្នាប” ​មួយ ដែល​ធ្វើ​ឡើង​ពី​ឈើ​ពីរ​ដុំ។ គេ​​ឈូស​យក​ចេញ​នូវ​ផ្នែក​នៃ​ស្លឹក​ដែល​លៀន​ចេញ​ពី​ឃ្នាប ដោយ​បំបាត់​ចោល​នូវ​​ទ្រនុង​ស្លឹក ហើយ​រក្សាទុក​តែ​ផ្នែក​សំប៉ែត​រាបស្មើ។ ពេល​នោះ​គឺ​ជា​ពេល​ដែល​ត្រូវ​ប្រមូល​ផ្តុំ​ឃ្នាប​​ជាច្រើន​ទាំង​នោះ​ដាក់​នៅក្នុង “ច្បោស” មួយ​ដែល​គេ​​ចង​រឹត​យ៉ាង​ណែន។ បន្ទាប់​ពី​ហាល​ឲ្យ​ស្ងួត​រយៈពេល​ពីរ​បី​សប្តាហ៍​រួច​មក ស្លឹករឹត​ដែល​មាន​ពណ៌​បៃតង​ខ្ចី​នៅ​ពេល​បេះ​មក​ភ្លាម បាន​ក្លាយ​ជា​មាន​ពណ៌​លឿង​ដូចពណ៌​​ភ្លុក។ ទៅ​តាម​​សាត្រា​ស្លឹករឹត​ដែល​គេ​ចង់​បាន ​គេ​អាច​​ខាត់​រំលីង​ស្លឹក​រឹត​ទាំង​នោះ​ដោយ​ប្រើ​ជក់​ធ្វើ​ពី​​រុក្ខជាតិ​និង​ដុសខាត់​ដោយ​ប្រេង​ត្នោត។

ជា​រឿយ​ៗ​ប៉ុន្តែ​មិនមែន​ជានិច្ចកាល​នោះ​ទេ មុន​នឹង​ចាប់ផ្តើម​ការ​ឆ្លាក់​អត្ថបទ​របស់​ខ្លួន អ្នក​ចម្លង​ប្រើប្រាស់​ "ប្រដាប់​ដឹក​បន្ទាត់" ដែល​ជា​បន្ទះ​ឈើ​មួយ ហើយ​​​នៅ​លើ​បន្ទះ​​ឈើ​នេះ​ គេ​​​ចង​បន្តឹង​​ខ្សែ​អំបោះ​ចំនួន​ប្រាំ​ខ្សែ​ លាប​ដោយ​ទឹក​ខ្មៅ​មក​ពី​ប្រទេស​ចិន​ឬ​ដោយ​ពណ៌ខ្មៅ​ម្រែង​ភ្លើង។ ដោយ​ផ្ដឹត​ខ្សែ​អំបោះ​ទាំង​​​នេះ​លើ​សន្លឹក​ស្លឹករឹត​របស់​ខ្លួន អ្នក​ចម្លង​អាច​ផ្ដឹត​បាន​បន្ទាត់​​ត្រង់​​ដែល​នៅ​ក្រោម​បន្ទាត់​ទាំង​នេះ​ គេ​នឹង​ឆ្លាក់​អក្សរ​។

ដើម្បី​សរសេរ អ្នក​ចម្លង​ប្រើ​ដង​ដែកចារ​​មួយ​ធ្វើ​ពី​ឈើ​ដែល​គេ​​ធ្វើ​ឲ្យ​ទៅ​ជា​រឹង​ដោយ​ប្រើ​ភ្លើង ហើយ​នៅ​ក្នុង​ដង​ឈើ​នោះ​ គេ​ដោត​បញ្ចូល​ដែក​ស្រួច​មួយ ហៅ​ថា "ដែកចារ"។​ បន្ទាប់​មក​ទៀត អ្នក​ចម្លង​ស៊ក​​បញ្ជូល​សន្សឹ​ម​ៗ​នូវ​សន្លឹក​ស្លឹករឹត​​មួយ​ទៅ​ក្រោម​ “ស្នាប់” ដែល​ជា​ដុំ​ឈើ​តូច​ស្តើង​ស្រាល​មួយ​ប្រភេទ​មាន​ទទឹង​ស្មើ​នឹង​ឃ្នាប​ដែល​គេ​ចង់​ឆ្លាក់ ហើយ​ដែល​គេ​កាន់​យ៉ាង​ណែន​នៅ​ដៃ​ឆ្វេង។

ក្នុង​ពេល​នៃ​ការ​ចម្លង​អត្ថបទ អ្នក​ចម្លង​អាច​មើល​ឃើញ​អ្វី​ដែល​គេ​សរសេរ​ដោយ​​សារ​តែ​ពន្លឺ​ដែល​ចាំង​​លើ​ផ្ទៃ​នៃ​សន្លឹក​ស្លឹករឹត​​ប៉ុណ្ណោះ លុះ​ត្រា​តែ​​អត្ថបទ​​ត្រូវ​បាន​ឆ្លាក់​ចប់​រួច​រាល់​ទាំង​ស្រុង​​ទើប​គេ “ជ្រលក់​ទឹកខ្មៅ”​ ​លើ​សាត្រា​ស្លឹករឹត​ ដោយ​ប្រើ​ឆ្នុក​ក្រណាត់​ដែល​ផ្សើម​ដោយ​ទឹក​ខ្មៅ​មក​ពី​ប្រទេស​ចិន ឬ​ដោយ​ជ័រទឹក។ គេ​ផ្ដឹត​ឆ្នុក​ក្រណាត់​នេះ​​ជា​បន្ត​បន្ទាប់​នៅ​លើ​ផ្ទៃ​នៃ​សន្លឹក​ស្លឹករឹត​​នីមួយ​ៗ បន្ទាប់​មក​គេ​ជូត​វា​​ដោយ​ប្រើ​​ក្រណាត់​ស្ងួត​បំបាត់​​បាត់​ពណ៌​ខ្មៅ លើកលែង​តែ​អ្នក​ឆ្លាក់​សម្រេច​ផ្សេង​ទៅ​វិញ។

ជួនកាល គេ​យក​សាត្រា​ស្លឹករឹត​ដែល​បាន​ធ្វើ​រួចរាល់​ហើយ​ទៅ​​ដាក់​បញ្ចូល​ជា​ថ្មី​ទៅ​ក្នុង​ឃ្នាប​​មួយ ហើយ​ប្រើ​ “ហិង្គុល” លាប​លើ​សន្លឹក​នីមួយ​ៗ និង​ជួនកាលលាប​ពណ៌​មាស​ក៏​មាន​។