របកគំហើញសាត្រាស្លឹករឹតនៅតាមវត្តផ្ទាល់និងការបង្កើតឧបករណ៍ស្រាវជ្រាវ

La découverte des manuscrits in situ et la constitution d’outils de recherche.ការ​យក​ចិត្ត​ទុក​ដាក់​និង​មេត្តាធម៌​របស់​ព្រះសង្ឃ​និង​អាចារ្យ នៅ​កន្លែង​ធ្វើ​ការងារ​របស់​ក្រុម​ការងារ EFEO-FEMC តែង​តែ​មាន​ជាប់​ជា​និច្ច។

នៅ​គ្រប់​ទី​កន្លែង​ដែល​ខ្លួន​បាន​ឆ្លង​កាត់ ក្រុម​ការងារ​របស់ EFEO-FEMC បាន​ធ្វើ​​កំណត់សំគាល់​​អំពី​ទី​កន្លែង ការ​ជួសជុល​រូបវ័ន្ត ការ​ថត​ជា​មីក្រូហ្វីល ការ​ធ្វើ​អត្ត​សញ្ញាណកម្ម និង​បញ្ជី​សារពើភ័ណ្ឌ​នៃ​សាត្រា​ស្លឹករឹត​ដែល​នៅ​សេសសល់។ ​ថ្វី​បើ​មាន​ការ​ធ្វេស​ប្រហែសចំពោះ​​សាត្រា​ស្លឹករឹត​ទាំង​នេះ​ក៏​ដោយ ក៏​ព្រះ​សង្ឃ​នៅ​​តាម​វត្ត​អារាម​មិន​បាន​​ប្រគល់​វា​មក​ឲ្យ​យើង​ទេ ដោយ​សារ​ហេតុផល​​សីលធម៌ និង​​ទោះ​ជា​មាន​ការ​លំបាក​ផ្នែក​បច្ចេកទេស​ដែល​បញ្ហា​នេះ​អាច​បង្ក​ឡើង​ក៏​ដោយ ក៏​សាត្រា​ស្លឹករឹត​ទាំង​នោះ​​មិន​ដែល​ត្រូវ​បាន​​យក​ចេញ​ពី​វត្ត​អារាម​ដែល​ជា​កន្លែង​រក្សា​ទុក​របស់​វា​ឡើយ ហើយ​គ្រប់​ដំណាក់កាល​នៃ​ការងារ​ត្រូវ​បាន​ធ្វើ​នៅ​នឹង​វត្ត​ផ្ទាល់​។ ការងារ​ជា​ស្វ័យ​ប្រវត្តិ​និង​ប្រកប​ដោយ​វិធីសាស្ត្រ​​នេះ​បាន​​បង្កើត​ជា​សំណុំ​ឯកសារ​ដែល​មាន​រូបថត​​សរុប​ចំនួន​ចំនួន​ប្រមាណ​ជា​១​៣​ ០​០​០​០ ប៉ុស្ត៍​ ដែល​ត្រូវ​បាន​ថត​ចម្លង ​ ក្នុង​បំណង​បង្កើតសំណុំ​ឯកសារ​មួយ​ច្បាប់​ ដើម្បី​ផ្តល់​ជូន​ដល់​អាជ្ញាធរ​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ធ្វើ​​បញ្ជី​សារពើភ័ណ្ឌ​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា។

ក្នុង​រយៈពេល​ប្រមាណ​ជា​ម្ភៃ​ឆ្នាំ​នៃ​ការងារ​នៅ​នឹង​កន្លែង ក្រុម​ការងារ​របស់ EFEO-FEMC បាន​​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​តាម​វត្ត​អារាម​ចំនួន​ជាង​មួយ​ពាន់​វត្ត គឺ​មិនមែន​តែ​នៅ​ក្នុង​ខេត្ត​កណ្តាល ខេត្ត​កំពង់ចាម​​ និង​ខេត្ត​សៀមរាប​ប៉ុណ្ណោះ​ទេ។ វត្ត​អារាមចំនួន​​ប្រមាណ​ជា​មួយ​រយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​វត្ត​អារាម​ទាំង​នេះ ​នៅ​មាន​សំណុំ​ឯកសារ​សាត្រា​ស្លឹករឹត​នៅ​ឡើយ។ ជា​រឿយ​ៗ អត្ថបទ​ដែល​នៅ​សេសសល់​គ្រាន់​តែ​ត្រូវ​បាន​ប្រមូល​ផ្តុំ​​ជា​សន្លឹក​សាត្រា​ចង​ជា​បាច់ ចង​រឹត​ភ្ជាប់​គ្នា​យ៉ាង​ណែន​ដាក់​នៅ​ក្នុង​ក្រណាត់​ពណ៌​ទឹកក្រូច ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ធូលី​និង​បាណកសត្វ​គ្រប់​ប្រភេទ ដែល​បង្ហាញ​ថា​អត្ថបទ​ទាំង​នេះ​ត្រូវ​បាន​បោះបង់​ចោល​ក្នុង​រយៈពេល​យូរ៖ ពេល​វេលា​ពិត​ជា​បាន​កន្លង​ផុត​ទៅ​ហើយ ​ដែល​លោក George Cœdès បាន​និយាយ​ថា៖ “ជា​ទូទៅ ព្រះសង្ឃ​នៅ​ប្រទេស​កម្ពុជាថែទាំ​សាត្រា​ស្លឹករឹត​របស់​ខ្លួន​បាន​ល្អ​គួរសម” (Cœdès ១៩​១​២, ១​៧​៨)។

ជួនកាល​ យើង​ត្រូវ​ស្វែង​រក​ឯកសារ​ទាំង​នោះ​នៅ​ខាង​ក្នុង​កន្លែង​លាក់​ដែល​មិន​គួរ​ឲ្យ​ជឿ ដែល​អ្នក​កាន់កាប់​ទី​កន្លែង​បច្ចុប្បន្នខ្លួន​ឯង​មិន​ទាំង​ដឹង​ផង ជាអាទិ៍​នៅ​ក្នុងពិតាន​នៃ​វិហារ​ខ្លះ។ ទន្ទឹម​នឹង​នេះ គេ​ត្រូវ​ស្វាគមន៍​ដល់​ស្មារតី​របស់​អ្នក​ស្មោះត្រង់​មួយ​ចំនួន​ដែល​គេ​មិន​ស្គាល់​ឈ្មោះ និង​ដែល​បាន​ប្រថុយ​ប្រថាន​ការពារ​សាត្រា​ស្លឹករឹត​ដ៏​មាន​តម្លៃ​ នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​ពួក​គេ នៅ​ក្នុង​សង្រ្គាម​អាមេរិក ឬ​ក៏​នៅ​ក្នុង​​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។ ប៉ុន្តែ​ពួក​គេ​មិន​បាន​រួច​ផុត​ជីវិត​ពី​ភាព​រន្ធត់​នៃ​សម័យ​នោះដើម្បី​អាច​យក​សាត្រា​ស្លឹករឹក​ទាំង​នោះ​ដោយ​ខ្លួន​គេ​ផ្ទាល់​ ទៅ​ដាក់​ក្នុង​វិហារ​នៃ​វត្ត​របស់​ពួក​គេ​ឡើយ។

search1ដូច្នេះ ជា​បឋម​ ការ​ងារ​ជួសជុល​គឺ​ត្រូវ​បោស​ធូលី​ចេញ​ពី​សន្លឹក​ស្លឹករឹត​នីមួយ​ៗ​ដែល​បាន​រក​ឃើញ និង​ត្រូវ​លាង​សម្អាត​សន្លឹក​ស្លឹករឹត​ទាំង​នោះ​ដោយ​ប្រើ​​ទឹក​ប្រសិន​បើ​ចាំបាច់ មុន​នឹង​ដុសខាត់​ជាមួយ​ប្រេង​ត្នោត រួច​ហើយ​​ហាល​វា​ឲ្យ​ស្ងួត។ បន្ទាប់​មក សន្លឹក​ស្លឹករឹត​ទាំង​នេះ​ត្រូវ​រៀប​ឲ្យ​មាន​របៀប​ដើម្បី​ផ្គុំ​ជា​បាច់។ បន្ទាប់​មក​ទៀត​ ​បាច់​ដែល​បាន​​ផ្គុំ​​រួច​គឺ​ដើម្បី​បង្កើត​ជា​សៀវភៅ​សាត្រា​ស្លឹករឹត​ឡើង​វិញ។

ជួនកាល នៅ​ពេល​ដែល​អក្សរ​ឆ្លាក់​រលុប​ខ្លាំង​ពេក យើង​​ចាំបាច់​ត្រូវ​​លាប​សន្លឹក​ស្លឹករឹត​ដោយ​ទឹក​ខ្មៅ​ឡើង​វិញ​ ដោយ​ប្រើ​ឆ្នុកក្រណាត់​ដែល​ផ្សើម​ដោយ​ប្រេង​ត្នោត​និង​ពណ៌​ខ្មៅ​ម្រែង​ភ្លើង ដើម្បី​អាចអាន​​​អត្ថបទ​ទាំង​នោះ​​​បាន។ បន្ទាប់​ពី​ការ​ថត​សន្លឹក​សន្លឹក​រឹត​ដែល​លា​ឲ្យ​រាប​ស្មើ​រួច​ហើយ​ បាច់​ស្លឹករឹត​ត្រូវ​បាន​ចង​ភ្ជាប់​គ្នា​ឡើង​វិញ​ដោយ​ប្រើ​ខ្សែ​ថ្មី។ ដូច្នេះ EFEO-FEMC ត្រូវ​រៀបចំ​ រោង​ជាង ​“យាយ​ៗ” ដែល​ទទួល​បន្ទុក​ធ្វើ​ខ្សែ​តូចៗ​​ខ្លី​ៗ​​ចម្រុះ​ពណ៌​ដែល​លាយ​ដោយ​សូត្រ​និង​អំបោះ ទៅ​តាម​បច្ចេកទេស​ដ៏​បុរាណ​បំផុត។ ម្យ៉ាង​ទៀត​រោង​ជាង “តា​ៗ​” ទទួល​បន្ទុក​ធ្វើ​ស្រោម​គម្ពីរ​​ដែល​ធ្វើ​ពី​ប្រដឹស​រនាប​ឫស្សី ស្រោប​ទៅ​ដោយ​ក្រណាត់​ពណ៌។

នៅ​ពេល​ចាំបាច់​ EFEO-FEMC បាន​ផ្តល់​ដល់​វត្ត​អារាម​នានា​នូវ​ទូរ​កញ្ចក់ ដើម្បី​ទុក​ដាក់​​សាត្រា​ស្លឹករឹត។ អំណោយ​នេះ​ ដែល​ជានិច្ចកាល​ត្រូវ​បាន​ទទួលប្រកប​ដោយ​​ទឹក​ចិត្ត​ត្រេកអរ​យ៉ាង​ខ្លាំង បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ពិធីបុណ្យ​មួយ​សាមញ្ញ​ ប៉ុន្តែ​មាន​លក្ខណៈ​គគ្រឹក​គគ្រេង ហៅ​ថា ​បុណ្យ​ប្រគេន ដែល​ជា​ធម្មតា​មាន​ប្រជាជន​ចូលរួម​យ៉ាង​ច្រើន​កុះករ។

នៅ​ចន្លោះ​ឆ្នាំ​១​៩​៩​១​និង​ឆ្នាំ​១​៩​៩​៦ គ្រាន់​តែ​ការងារ​ដែល​បាន​ធ្វើ​នៅ​តាម​វត្ត​អារាម​នានា​នៅ​ទីក្រុង​ភ្នំពេញ​និង​នៅ​ខេត្ត​កណ្តាល យើង​បាន​ធ្វើ​ការ​​ជួសជុល​រូបវ័ន្ត​ ធ្វើ​អត្ត​សញ្ញាណកម្ម ចុះ​បញ្ជី​ដោយ​ថត​​ស្លឹករឹត​ជា​មីក្រូហ្វីល និង​បាន​​ការពារ​បាច់​​សាត្រា​ស្លឹករឹត​ចំនួន​ជិត​ពីរ​ពាន់​បាច់​ ​ដែល​មាន​អត្ថបទ​ជាង​បួន​រយ​ប្រភេទ​ខុស​ៗ​គ្នា ​នៅ​ក្នុង​ចំណោម​នេះ​ ជាង​ពីរ​ភាគ​បី​ត្រូវ​បាន​សរសេរ​ឬ​ចម្លង​ជា​ភាសា​ខ្មែរ ហើយ​​អត្ថបទ​ដែល​នៅ​សេសសល់​ត្រូវ​បាន​ចម្លង​ឡើង​វិញ​ជា​ភាសា​បាលី។​

search2ចាប់​តាំង​ពី​ឆ្នាំ​១​៩​៩​៨​មក ការ​បង្កើត​ឲ្យ​មាន​សន្តិសុខ​ឡើង​វិញ​នៅ​ក្នុង​ផ្ទៃ​ប្រទេស​ទាំង​មូល បាន​អនុញ្ញាត​ឲ្យ​យើង​អាច​បន្ត​ធ្វើ​ការងារ​ដូច​គ្នា​ ទៅ​តាម​សង្វាក់​មួយ​មាន​លក្ខណៈទៀងទាត់​ជាង​មុន នៅ​ក្នុង​ខេត្ត​កំពង់​ចាម ដែលសម្បូរ​ទៅ​ដោយ​វត្ត​អារាម​និង​កេរ្តិ៍​ដំណែល​នៅ​ក្នុង​​បណ្ណាល័យ​ ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល។ ប៉ុន្តែ​យូរ​ៗ​ម្តង ការងារ​របស់ EFEO-FEMC មាន​លក្ខណៈ​យឺតយ៉ាវ​ដោយសារ​មូល​ហេតុ​ផ្សេង​ៗ។ វា​ជា​ការ​ល្អ​​នៅ​ពេល​ដែល​សំណុំ​សាត្រា​មាន​ច្រើន​ ​តម្រូវ​ឲ្យ​ក្រុម​ការងារ​ស្នាក់នៅ​ក្នុង​វត្ត​តែ​មួយ ក្នុង​រយៈពេល​​ច្រើន​ខែ​ដើម្បី​បញ្ចប់​ការ​ធ្វើ​ឲ្យ​មាន​ស្ថានភាព​ដូច​ដើម​ឡើង​វិញ និង​ការ​ធ្វើ​បញ្ជី​សារពើភ័ណ្ឌ​នៃ​ហោត្រៃ។ វា​មិន​មែន​ជា​ការ​ល្អ​ នៅ​ពេល​ដែល​​មាន​ទឹក​ជំនន់ ឬ​ក៏​បញ្ហា​អសន្តិសុខ​មិន​អាច​ឲ្យ​ក្រុម​ការងារ​ចូល​ទៅ​តាម​ភូមិឃុំ​​នានា​បាន ដែល​ជួនកាល​ការ​ខក​ខាន​មាន​រយៈពេល​ជា​ច្រើន​សប្តាហ៍​ក៏​មាន។

នៅ​ខែ​វិច្ឆិកា​ឆ្នាំ​១​៩​៩​៦ ក្រុម​ការងារ​របស់ EFEO-FEMC មាន​ភ័ព្វ​សំណាង​ដ៏​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ​ ដោយ​បាន​រក​ឃើញ​នៅ​វត្ត​ភូមិ​ថ្មី​សិរីមង្គល​ ​ក្នុង​ខេត្ត​កំពង់ចាម នូវ​បណ្ណាល័យ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មិន​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្រ្គាម ឬ​ក៏​ដោយ​ការ​បំផ្លិច​​បំផ្លាញ​វត្ថុ​សិល្បៈ​ពីសំណាក់​ពួក​ខ្មែរ​ក្រហម។ នៅ​ក្នុង​វត្ត​នេះ យើង​បាន​រក​ឃើញ​ស្លឹករឹត​ចំនួន​ប្រហែល​ជា​៥០០០០​សន្លឹក​ដែល​ស្ថិតនៅ​រាយប៉ាយ យើង​អាច​ឲ្យ​ផ្គុំ​ឡើង​វិញ​បាន​ជា​បាច់​​ចំនួន​២​៥​១​០​ខ្សែ ត្រូវ​ជា​១​២​១​០​សៀវភៅ​សាត្រា​ស្លឹករឹត ដែល​នៅ​ក្នុង​នោះ​មាន​អត្ថបទ​ចំនួន​២​០​០​ជា​ភាសា​ខ្មែរ និង​អត្ថបទ​ចំនួន​ប្រហែល​៧​០​ជា​ភាសា​បាលី ខណៈ​​ដែល​វត្ត​ទាំង​អស់​ចំនួន​៣​៩​៣​នៅ​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​កណ្តាល​មាន​ស្លឹករឹត​ចំនួន​តែ​៣​៣​០​៥​ខ្សែ​ប៉ុណ្ណោះ។ ពីរ​ភាគ​បី​ក្នុង​ចំណោម​​សៀវភៅ​សាត្រា​ស្លឹករឹត​​ដ៏​ច្រើន​​នេះ​នៅ​មាន​លក្ខណៈ​ពេញលេញ។ ហើយ​សាត្រា​នៅ​បណ្ណាល័យ​វត្ត​ភូមិ​ថ្មី​សិរី​មង្គលដែល​ការជួសជុល​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​តែ​នៅ​ឆ្នាំ​១​៩​៩​៨​នោះ ចាប់​ពី​ពេល​នោះ​មក​ បាន​​ក្លាយ​ជា​ឧបករណ៍​សម្រាប់​សម្គាល់​ដ៏​សំខាន់​របស់​យើង ដើម្បី​សម្គាល់​និង​ធ្វើ​​អត្ត​សញ្ញាណកម្ម​អត្ថបទ​ផ្សេង​ៗ​ទៀត។