ការអភិរក្សសាត្រាស្លឹករឹតរបស់ប្រទេសកម្ពុជា៖ ស្ថានការណ៍ដ៏បន្ទាន់បំផុត

La conservation des manuscrits du Cambodge : une situation d’urgence absolue វា​មិន​មែន​ជា​ការ​បំផ្លើស​​ទេ​ដែល​គេ​និយាយ​ថា បេតិកភណ្ឌ​អក្សរសិល្ប៍​សាត្រា​ស្លឹករឹត​បុរាណ​​របស់​ប្រទេស​កម្ពុជា​បាន​ទទួល​រង​នូវ​ការ​បំផ្លាញ​ដោយ​ភ្លើង​ឆេះ ដែល​បាន​កើត​ឡើង​នៅ​​ទស្សវត្ស​ចុង​ក្រោយ​នៃ​សតវត្ស​ទី​២​០។

វា​លំបាក​ណាស់​ក្នុង​ការ​ធ្វើ​ការ​ប្រៀបធៀប​រវាង​ស្ថានភាព​បនៃ​ណ្ណាល័យ​បច្ចុប្បន្ន​ ជាមួយ​​ស្ថានភាព​កាល​ពី​ពេល​មុន ដែល​នេះ​គឺ​ជា​អ្វី​ដែល​គួរ​តែ​ហៅ​ថា “ព្រឹត្តិការណ៍​” ព្រោះ​ថា​​មិន​ដែល​មាន​បញ្ជី​សារពើភ័ណ្ឌ​ទាំងស្រុង​​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ឡើយ និង​ព្រោះ​ថា​នៅក្នុង​​ស្មារតី​ចងចាំ​ប្រកប​ដោយ​ភាព​ក្រៀមក្រំ​ បណ្ណាល័យ​ដែល​បាន​បាត់បង់​ទៅ​ ផ្ទុក​ទៅ​ដោយ​​សម្បត្តិ​ដ៏​មាន​តម្លៃ​​បំផុត​ និង​ដែល​គេ​​ប៉ាន់​ប្រមាណ​​ថា​មាន​ចំនួន​ដ៏​ច្រើន​លើសលុប។ ប៉ុន្តែ​ដោយ​មិន​ហ៊ាន​ប្រថុយ​ប្រថាន​ខ្លាច​ក្រែង​​មាន​ការ​ភ័ន្ត​ច្រឡំ និង​ដោយ​មិន​ហ៊ាន​អះអាង​​អំពី​ចំនួន​ហោត្រៃ​​នានា​ដែល​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង ព្រមទាំង​ចំនួន​អត្ថបទ​ដែល​បាន​បាត់បង់​ទៅ​មួយ​ផ្នែក យើង​ត្រឹម​តែ​អាច​វាយ​តម្លៃ​ថា ប្រហែល​៩​៨​%​នៃ​បេតិកភណ្ឌ​អក្សរសិល្ប៍​នៅ​ប្រទេស​កម្ពុជា​ដែល​បាន​ចារ​​នៅ​លើ​ស្លឹករឹត ឬ​ក៏​ចារឹក​នៅ​លើ​ក្រដាស​បុរាណ ត្រូវ​បាន​បំផ្លាញ​ នៅ​ចន្លោះ​ការ​ចាប់​ផ្តើម​សង្រ្គាម​​ឆ្នាំ​​១​៩​៧​០ និង​ការ​ចាប់ផ្តើម​ការងារ​ចុះ​បញ្ជី​សារពើភ័ណ្ឌដែល​បាន​ធ្វើ​ចាប់​តាំង​ពី​ដំណាច់​ឆ្នាំ​១៩៩០​មក។

នៅ​តាម​វត្ត​អារាម​ជាង​៨០%​ក្នុង​ចំណោម​វត្ត​អារាម​ចំនួន​ប្រមាណ​ជា​មួយ​ពាន់​ពីររយ​ ដែល​ក្រុម​ការងារ​របស់​មូលនិធិ​​បោះពុម្ព​​សាត្រា​ស្លឹករឹត​ខ្មែរ​របស់​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ហៅ​កាត់​ជា​ភាសា​បារាំង​ថា​ EFEO-FEMC បាន​ចុះ​ទៅ​សិក្សា​​រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ បណ្ណាល័យ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង។ ជា​ឧទាហរណ៍ គេ​ត្រូវ​ដឹង​ថា​វត្ត​ចំនួន​៣​៥​៨​ក្នុង​ចំណោម​វត្ត​ចំនួន​៤​៣​៣​នៅ​ទីក្រុង​ភ្នំពេញ​និង​នៅ​ខេត្ត​កណ្តាល ពុំ​មាន​សាត្រា​ស្លឹករឹត​នៅ​សេសសល់​សូម្បី​តែ​មួយ​បាច់​​ឡើយ​។ ​សាត្រា​ស្លឹករឹត​មួយ​ចំនួន​ដែល​បាន​គេចផុត​ពី​មហន្តរាយ ​ហើយ​ដែល​គេ​ឃើញ​មាន​នៅ​សល់​តាម​បណ្ណាល័យ​នៅ​ឡើយ ​​ចំនួន​ជាង​ពីរ​ភាគ​បី​មាន​លក្ខណៈ​មិន​ពេញលេញ។ ការ​សិក្សា​ម្ដង​ម្កាល​ដែល​យើង​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំបី​ផ្សេង​ទៀត​បង្ហាញ​ថា បរិមាណ​ទាំង​នេះ ជា​អកុសល មាន​តម្លៃ​ត្រឹម​ប្រហាក់ប្រហែល​ប៉ុណ្ណោះ​​​សម្រាប់​ប្រទេស​កម្ពុជា​ទាំង​មូល។ ប៉ុន្តែ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​​ដ៏​កម្រ ​ដែល​​មាន​ឯកសារ​ស្តីពី​ជំនាន់​​បុរាណ​របស់​ខ្លួន​ច្រើន​ជាង​ឯកសារ​ស្ដី​ពី​​ជំនាន់​​មុន​សម័យ​ទំនើប។ ឯកសារ​ទាំង​នោះ​​​សម្បូរ​ទៅ​ដោយ​សក្ខីកម្ម​អំពី​​ស្ថាបត្យកម្ម​ ឬ​អំពី​​សិល្បៈ​នៃ​សតវត្ស​ទី​៧ឬ​ទី​៨ ជាង​សក្ខី​កម្ម​ទាក់​ទង​នឹង​សតវត្ស​ទី​១​៧​ឬ​ទី​១​៨​ ​ពាក់ព័ន្ធ​នឹង​សម័យ​ទំនើប​នេះ​ដែល គ្មាន​នៅ​សេសសល់​អ្វី​ទាល់​តែ​សោះ។ នៅ​ត្រង់​ចំណុច​នេះ ហោត្រៃ​​នានា​ស្ទើរ​តែ​ជា​ស្លាកស្នាម​រូបី​តែ​មួយ​គត់​ដែល​បង្ហាញ​ថា​មាន​​សកម្មភាព​​ផ្នែក​បញ្ញា សាសនា​ និង​សិល្បៈ​ជាប់​ជា​ប្រចាំ ហើយ​បើ​និយាយ​ឲ្យ​ខ្លី​ទៅ គឺ​​បញ្ជាក់​ពី​ជីវភាព​​សង្គម​ដ៏​សកម្ម​និង​ដ៏​សម្បូរបែប​នៅ​ក្នុង​ប្រទេស​នេះ​ នៅ​ក្នុង​បណ្តា​សតវត្ស​បន្ទាប់​ពី​​ការ​ហិនហោច​ផ្នែក​សេដ្ឋកិច្ច​នា​សម័យ​​អង្គរ។

នៅ​ពេល​បច្ចុប្បន្ន​នេះ​ទៀត ដោយសារ​តែ​ការ​ធ្វេស​ប្រហែស​ជា​ទូទៅ​ដែល​នៅ​តែ​កើត​មាន​នៅ​ឡើយ​នៅ​តាម​វត្ត​អារាម​ភាគ​ច្រើន​ចំពោះ​​អត្ថបទ​បុរាណ ហើយ​ជួន​កាល​ដោយសារ​តែ​ការ​ជាប់​ជំពាក់​ចិត្ត​របស់​សហគមន៍​នៅ​តាម​ភូមិឃុំ​មួយ​ចំនួន ចំពោះ​ប្រពៃណី​បុរាណ​ដែល​ត្រូវ​ដាក់​​សាត្រា​ស្លឹករឹត​របស់​ខ្លួន​ទៅ​ក្នុង​គំនរ​អុស​បូជា​សព នៅ​ពេល​មាន​ពិធី​បូជា​សព​ព្រះ​ចៅ​អធិការ​វត្ត​ល្បី​ឈ្មោះ​​អង្គ​ណា​មួយ​នោះ សាត្រា​ស្លឹករឹត​បុរាណ​នៅ​បន្ត​​បាត់បង់​ជារៀង​រាល់​ថ្ងៃ។ ដូច្នេះ ការងារ​សង្រ្គោះ​និង​ធ្វើ​បញ្ចី​សារពើភ័ណ្ឌ​សាត្រា​ស្លឹករឹត​របស់​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​បន្ទាន់​បំផុត។