ស្ថានភាពសមុច្ច័យសាត្រាស្លឹករឹតនៅតាមវត្តអារាមនានារបស់ប្រទេសកម្ពុជា

ការ​វាយ​តម្លៃ​លើ​ការ​បំផ្លិច​បំផ្លាញ​ដ៏​គួរ​ឲ្យ​រន្ធត់ ដែល​បាន​ប៉ះពាល់​ដល់​បេតិកភណ្ឌ​អក្សរសិល្ប៍​របស់​ប្រទេស​កម្ពុជា ត្រូវ​ធ្វើ​ឡើង​​តាម​របៀប​ផ្សេង​ៗ​គ្នា៖ ជា​ការ​ពិត សមតិកម្ម​ដែល​​និយាយ​ថា ការ​បំផ្លិច​បំផ្លាញ​ដែល​ប៉ះពាល់​ដល់​សាត្រា​ស្លឹករឹត​នៅ​ក្នុង​វត្ត​អារាម​នានា​​ ហាក់​ដូច​ជា​ប្រព្រឹត្តិទៅ​ទាំង​ងងឹត​ងងល់​​ទោះ​ជា​ការ​បំផ្លិច​បំផ្លាញ​ទាំង​នេះ​មាន​ចំនួន​ច្រើន​យ៉ាង​ណា​ក៏​ដោយ គឺ​មាន​ន័យ​ថា​ពុំ​មាន​ប្រភេទ​អត្ថបទ​ពិសេស​ណា​មួយ​ត្រូវ​បាន​បំផ្លាញ​ដោយសារ​អត្ថន័យ​របស់​វា​នោះ​ទេ។ ដូច្នេះ យើង​អាច​យល់​បាន​ថា អត្ថបទ​ដែល​មាន​លក្ខណៈ​ធម្មតា​បំផុត​ត្រូវ​បាន​បំផ្លាញ​ច្រើន​ជាង​គេ​បំផុត ប៉ុន្តែ​​ក៏​ជា​អត្ថបទ​​ដែល​បន្សល់​ទុក​នូវ​ស្លាកស្នាម​ច្រើន​ជាង​គេ​បំផុត​ដែរ។ ចំណែក​ឯ​អត្ថបទ​ដ៏​កម្រ​មួយ​ចំនួន​ត្រូវ​បាន​បាត់បង់​ទាំង​ស្រុង ទោះ​ជា​គេ​គ្មាន​បំណង​បំផ្លាញ​វា​ជា​ពិសេស​យ៉ាង​ណា​ក្ដី។

ប៉ុន្តែ នៅ​ក្នុង​ទ្រង់ទ្រាយ​ដ៏​ទូលំទូលាយ ការ​ពិនិត្យ​​មើល​លើ​ឯកសារ​សេសសល់​នៅ​តាម​វត្ត​ជា​ច្រើន​ប្រហែល​ជា​អាច​អោយ​យើង​បង្កើត​ជា​​ទ្រឹស្តី​​គួរ​ឲ្យ​ជឿជាក់​បាន​មួយ​ អំពី​​អ្វី​ដែល​ជា​អក្សរសិល្ប៍​នៅ​ប្រទេស​កម្ពុជា ជា​អាទិ៍​គឺ​អក្សរសិល្ប៍​​សាសនានៅ​មុន​មាន​គ្រោះ​មហន្តរាយ។ ដូច​គ្នា​ដែរ របៀប​ធ្វើ​សាត្រា​ស្លឹករឹត​ធ្វើ​ឲ្យ​សាត្រា​ស្លឹករឹត​នីមួយ​ៗ​ក្លាយ​ជា​វត្ថុ​ឯក ដែល​គុណភាព​របស់វា​ប្រែប្រួល​ទៅ​តាម​ថ្វី​ដៃ​​របស់​អ្នក​ចម្លង។ ដូច្នេះ ចំនួន​សាត្រា​ស្លឹករឹត​ដែល​បាន​បាត់​បង់​ទៅ​មាន​ចំនួន​ស្មើ​នឹង​ប្រភេទ​អក្សរ​​ដែល​ត្រូវ​បាន​បាត់បង់​ជា​ស្ថាពរ​ដែរ ទោះ​ជា​នៅ​ពេល​បច្ចុប្បន្ន​នេះ​ នៅ​ក្នុង​វត្ត​ណា​មួយ គេ​នៅ​មាន​​សៀវភៅ​សាត្រា​ស្លឹករឹត​មួយ​ ឬ​ច្រើន​ក្បាល​នៃ​សៀវភៅ​សាត្រា​ស្លឹករឹត​​ដែល​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​វត្ត​អារាម​ដទៃ​ទៀត​ក៏​ដោយ។

ប៉ុន្តែ​ យើង​ត្រូវ​កត់​សម្គាល់​ថា នៅ​ក្នុង​ចំណោម​អត្ថបទ​សំខាន់​ៗ​ចំនួន​បី​ប្រភេទ​ មាន​បាច់​សាត្រា​ស្លឹករឹត​គាប​ដោយ​ឃ្នាប​ដែល​មាន​បណ្តោយ​វែង​ហៅ​ថា សាត្រា​ ឬ​ក៏​​មាន​ទំហំ​តូច​ហៅ​ថា​ វាន ឬ​ក៏​មួយ​ទៀត​ហៅ​ថា ​​ក្រាំង ពោល​​គឺ​ជា​សៀវភៅ​សរសេរ​ដោយ​ទឹក​ខ្មៅ នៅ​លើ​ក្រដាស​បុរាណ​បត់​ជា​ផ្នត់​ ហើយ​សៀវភៅ​ទាំង​នេះ​ហាក់​ដូច​ជា​មិន​សូវ​ធន់​ទៅ​នឹង​ដំណើរ​ប្រែប្រួល​នៃ​អាកាសធាតុ​ឡើយ។

ម្យ៉ាង​ទៀត ​ក្រាំង​ជា​ច្រើន​ក្នុង​ចំណោម​ក្រាំង​ទាំង​នេះ​អាច​ជា​កម្មសិទ្ធិ​ឯកជន​របស់​អាចា្យ​វត្ត​ឬ​ក៏​គ្រូ​ណា​ម្នាក់ ហើយ​នេះ​ជា​អ្វី​ដែល​បង្ក​ជា​គ្រោះថ្នាក់​មួយ​ថែម​ទៀត​សម្រាប់​ការ​អភិរក្ស​ឯកសារ​ទាំង​នេះ នៅ​ក្នុង​សម័យ​ដែល​មុខងារ​របស់​អាចារ្យ​និង​គ្រូ​នេះមិន​ទទួល​បាន​នូវ​ការ​អនុគ្រោះ​ពី​សំណាក់​អ្នក​ដឹកនាំ។​ ការ​កត់​សម្គាល់​នេះ​មិន​មែន​អត់​ប្រយោជន៍​ឡើយ ព្រោះថា​ជា​ទូទៅ នៅ​ក្នុង​ការ​បង្ហាញ​អំពី​សៀវភៅ​ខ្មែរ វា​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​រវាង​ទម្រង់​និង​ខ្លឹមសារ រវាង​អត្ថបទ​​ដែល​គេ​​ចម្លង​និង​សំភារៈ​ដែល​គេ​យក​មក​ចម្លង៖ អត្ថបទ​មួយ​មាន​ទម្រង់​ជា​បាច់​ស្តើង​ចំនួន​ដប់​ពីរសន្លឹក ចំណែក​ឯ​អត្ថបទ​​មួយ​ផ្សេង​ទៀតដែល​មាន​ប្រវែង​​ដូច​គ្នា ​ត្រូវ​បាន​ឆ្លាក់​លើ​បាច់​មួយ​ក្រាស់​ទៅ​វិញ។ អត្ថបទ​មួយ​ត្រូវ​បាន​ឆ្លាក់​​ដោយ​ចេតនា​នៅ​លើ​ក្រដាស​បត់​នៃ​ក្រាំង​មួយ ចំណែក​ឯ​អត្ថបទ​មួយ​ផ្សេង​ទៀត​​ត្រូវ​បាន​ឆ្លាក់​ស្ទើរ​តែ​ជានិច្ចកាល​នៅ​លើ​វាន​ មួយ​ទៅ​វិញ។

ជួនកាល ទំនាក់​ទំនង​នេះ​ត្រូវ​បាន​កំណត់​តាម​រយៈ​ការ​ប្រើប្រាស់​អត្ថបទ៖ ក្រាំង​ មាន​លក្ខណៈ​ងាយស្រួល​ធ្វើ ដោយ​ហេតុ​ថា​ក្រាំង​ទាំង​នេះ​ត្រូវ​បាន​គេ​សរសេរ គឺ​មិន​មែន​ឆ្លាក់​ទេ។ វា​ផ្តល់​នូវ​ផ្ទៃ​គ្រប់គ្រាន់​សម្រាប់​គូរ​គំនូរ ការ​ឆ្លាក់ មន្រ្ត ជួនកាល​ត្រូវ​​លាត​សន្ធឹង​លើ​ផ្នត់​​ជា​ច្រើន ហើយ​នេះ​ជា​អ្វី​ដែល​ភាព​តូច​ចង្អៀត​នៃ​ទំព័រ​ក្រាំង​​មិន​អាច​ឲ្យ​ធ្វើ​បាន។ ម្យ៉ាង​ទៀត ដោយសារ​តែ​ទំហំ​និង​រូប​សណ្ឋាន​របស់​ក្រាំង​ទាំង​នោះ និង​ដោយសារ​តែ​គេ​អាចសរសេរ​នៅ​លើ​ក្រាំង​ទាំង​នោះ​នូវ​អត្ថបទ​ជា​អក្សរ​ធំ​ៗ ជា​ទូទៅ គេ​ប្រើ​ក្រាំង​ទាំង​នោះ​​សម្រាប់​ចម្លង​អត្ថបទ ដែល​ត្រូវអាន​ដំណាល​គ្នា​ដោយ​មនុស្ស​ច្រើន​នាក់​នៅ​ក្នុង​ពិធីបុណ្យ​ណា​មួយ ដោយ​មិន​ចាំបាច់​កាន់​ក្រាំង​ទាំង​នោះ​នៅ​នឹង​ដៃ​ឡើយ។ ដូច្នេះ អក្សរសិល្ប៍​ដែល​ផ្សព្វផ្សាយ​ពីបុរាណ​​នៅ​លើ​ក្រាំង ហើយ​ដែល​បាន​ទទួល​រងនូវ​ការ​បាត់បង់​ដ៏​ធ្ងន់ធ្ងរ ទាក់ទង​​ជា​ពិសេសចំពោះ​អត្ថបទ​ពីរ​ប្រភេទ៖ គឺ​អត្ថបទ​ដែល​គេ​ត្រូវ​អាន​រួម​គ្នា​​ជា​ញឹកញាប់​​ដូចជា “ភិក្ខុ​បាតិមោក្ខ” ឬ​ក៏​នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ “ពុទ្ធាភិសេក”។ ជា​ភ័ព្វ​សំណាង​ល្អ អត្ថបទ​ទាំងនេះ​ក៏​មាន​សរសេរ​នៅ​កន្លែង​ដទៃ​ដែរ​ដូច​ជា​​​នៅ​លើ​សាត្រាជា​ដើម។ ផ្ទុយ​ទៅ​វិញ ខ្លឹមសារ​នៃ​ ក្រាំង​ មួយ​ចំនួន​ធំហាក់​ដូចជា​ត្រូវ​បាន​ផ្គុំ​ឡើង​​ពី​កម្រង​អត្ថបទ​ខុស​ៗ​គ្នា ហើយ​អត្ថបទ​ទាំង​នោះ​​ត្រូវ​បាន​ប្រមូល​ផ្តុំ​ទៅតាមក្ដី​កង្វល់ ទៅ​តាមទំនាក់ទំនង​​សិស្ស​និង​គ្រូ​​ ទៅ​តាម​សំភារៈ​គេ​ប្រើ​ដើម្បី​ចម្លង និង​ជួនកាល​ទៅតាមវិធី​រំលឹក​ការ​ចង​ចាំ ដែល​បង្កើត​បាន​ជា​សៀវភៅឯក​​ជា​ច្រើន ហើយ​​ដែល​បាន​បាត់បង់​​ទៅ​ជា​ស្ថាពរ។ សៀវភៅ​ទាំង​នេះ​ច្រើន​តែ​ជា “សៀវភៅ​អាការវតា” “ក្បួន​ទស្សន៍ទាយ” “កម្មដ្ឋាន” និង សេចក្តី​សង្ខេប​នៃ “ក្រមធម៌​បុរាណ”។ល។​និង​។ល។

ម្យ៉ាង​ទៀត យើង​​សម្គាល់​ឃើញ​ថា ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ដ៏​គួរ​ឲ្យ​រន្ធត់​នៃ​ការ​បំផ្លាញ​អត្ថបទ​ពុទ្ធសាសនា​នៅ​ក្នុង​ស្ទើរ​តែ​គ្រប់​វត្ត​អារាម​ទាំង​អស់​នៃ​ប្រទេស​កម្ពុជា មាន​មនុស្ស​មួយ​ចំនួន ទាំង​អ្នក​បួស​ ទាំង​​គ្រហស្ថ បាន​ចាប់ផ្តើម​ចម្លង​ឡើង​វិញ​នូវ​ស្នាដៃ​​ណា​មួយ​ដែល​ការ​សូត្រ​ស្នាដៃ​​នេះ​អាច​មាន​ភាព​ចាំបាច់​សម្រាប់​ការ​ធ្វើ​​ពិធី​បុណ្យ​សាសនា​ណា​មួយ ឬ​ក៏​ដែល​ពួក​គេ​មាន​ការ​ជាប់​ពាក់​ចិត្ត​ពិសេស​ចំពោះ​ស្នាដៃ​​នោះ។ ប៉ុន្តែ ​ប្រសិន​បើ​ភាព​បន្ទាន់​ឬ​កង្វះខាត​តម្រូវ​​ឲ្យ​ពួក​គេ​ចម្លង​អត្ថបទ​ទាំង​នេះ​ឡើង​វិញ នៅ​លើ​សៀវភៅ​​សិស្ស​សាលា​ធម្មតា​តាម​បែប​អឺរ៉ុប​នោះ ជា​​ទូទៅ អ្នក​ចម្លង​ខំ​ប្រឹង​ធ្វើ​អោយ​ដូច​​សាត្រា ឬ​ ​វាន​ ច្បាប់​ដើម ​ដោយ​ប្រើ​​ក្រដាស​រឹង​​បត់​ជា​ផ្នត់​ដែល​គេ​កាត់​និង​ផ្គុំ​ឡើង​វិញ​ជា​បាច់ ឬ​ក៏​ដោយ​ប្រើ​ក្រដាស​ទំនើបដែល​គេ​បត់​ជាផ្នត់​​មាន​ទម្រង់​ជា​ក្រាំង ដើម្បី​បង្កើត​ឡើង​វិញ​ប្រកប​ដោយ​ភាព​ម៉ត់ចត់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​នូវ​សាត្រា​​​ដែល​គេ​យក​មក​សរសេរ​អត្ថបទ​តាម​​បែប​បុរាណ ហើយ​​ដែល​អ្នក​ចម្លង​ប្រាថ្នា​ចង់​ចម្លង​ឡើង​វិញ។ មិន​ត្រឹម​តែ​ទម្រង់​និង​លេខ​រៀង​ភាគ​នីមួយ​ៗ​ទេ​ដែល​គេ​​យក​លំនាំ​តាម​ប្រភព​ដើម​ ប៉ុន្តែ​ផ្នែក​ដែល​ឆ្លាក់​ដោយ​​អក្សរ​មូល​ក៏​​ត្រូវ​បាន​ចម្លង​ឡើង​វិញ​ជា​អក្សរ​មូល​ដោយ​ប្រើ​ប៊ិក ​ហើយ​​ផ្នែក​ដែល​ត្រូវ​បាន​ឆ្លាក់​ជា​អក្សរ​ជ្រៀង​ក៏​​ត្រូវ​បាន​សរសេរ​ឡើង​វិញ​ជា​អក្សរ​ជ្រៀង។

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ គេ​ឃើញ​មាន​ការ​ចាប់ផ្តើម​បោះពុម្ព​អត្ថបទ​នៅ​លើ​ស្លឹករឹត​ឡើង​វិញ ដែល​ការ​បោះពុម្ព​នេះ​បាន​ចាប់ផ្តើម​តាំង​ពី​សម័យ​មុន​សង្រ្គាម​មក​ម្លេះ។