គម្រោងរបស់សាលាបារាំងចុងបូព៌ាប្រទេស-មូលនិធិបោះពុម្ពសាត្រាស្លឹករឹតខ្មែរ (EFEO-FEMC) ដែលធ្វើឡើងចាប់តាំងពីឆ្នាំ១៩៩០

ជា​ភ័ព្វ​សំណាង​ល្អ ការ​បំផ្លិច​បំផ្លាញ​បណ្ណាល័យ​​នានា​របស់​ប្រទេស​កម្ពុជា​ហាក់​ដូច​ជា​ប្រព្រឹត្តិទៅ​ទាំង​ងងឹត​ងងល់​ ទោះ​ជា​ការ​បំផ្លិច​បំផ្លាញ​ទាំង​នេះ​មាន​ចំនួន​ច្រើន​យ៉ាង​ណា​ក៏​ដោយ គឺ​មាន​ន័យ​ថា ពុំ​មាន​ប្រភេទ​អត្ថបទ​ពិសេស​ណា​មួយ​ត្រូវ​បាន​បំផ្លាញ​ដោយសារ​អត្ថន័យ​របស់​វា​នោះ​ទេ។ ម្យ៉ាង​ទៀត ទោះ​ជា​អត្ថបទ​ទាំង​នោះ​ស្ថិត​នៅ​រាយប៉ាយ​ក៏​ដោយ ក៏​បំណែក​អត្ថបទ​ខ្លះ​ដែល​នៅ​សេសសល់​យើង​អាច​យក​មក​ផ្គុំ​ចូល​គ្នា​វិញ​បាន​ដែរ។ ជា​ទ្រឹស្តី ​គេ​អាច​នៅ​មាន​លទ្ធភាពរៀបចំ​ប្រមែប្រមូល​ឯកសារ​ដ៏​សមរម្យ​មួយ​ស្ដី​អំពី​​អក្សរសិល្ប៍​បុរាណ​នៅ​តាម​វត្ត​អារាម ​ដែល​​ជា​ប្រពៃណី​របស់​ប្រទេស​កម្ពុជា នៅ​ក្នុង​ស្ថានភ្លាម​ៗ​មុន​​ការ​បំផ្លាញ​នៅ​បណ្តា​ឆ្នាំចុង​ក្រោយ​នេះ។ គេ​អាច​ធ្វើ​បែប​នេះ​បាន​លុះ​ត្រា​តែ​គេ​អាច​​ដាក់​បញ្ចូល​ទៅ​ក្នុង​តារាង​តែ​មួយ ​​នូវ​កេរ្តិ៍​ដំណែល​ដែល​នៅ​សេសសល់​តាម​​បណ្ណាល័យ​ទាំង​អស់​​ជា​មួយ​លក្ខខណ្ឌ​​សម្ភារៈ​គ្រប់​គ្រាន់។ នេះ​គឺ​ជា​ភារកិច្ច​ដែល​គ្មាន​ទី​បញ្ចប់​ពិត​ប្រាកដ​។ ​ក្រុម​ការងារ​របស់ EFEO-FEMC បាន​​ចុះ​ទៅ​ស្រាវជ្រាវ​ផ្ទាល់​នៅ​តាម​​វត្ត​ម្ដង​មួយ​ៗ​​ក្នុង​​ប្រទេស​កម្ពុជា។

កម្ម​វិធី​អនុវត្ត​ដោយ​ក្រុម​ការងារ​របស់ EFEO-FEMC នៅ​ឆ្នាំ​១​៩​៩​០ ដែល​មាន​ទិសដៅ​បង្កើត​​បញ្ជី​សារពើភ័ណ្ឌ​និង​សមុច្ច័យ​​រូបថត​ទាំងស្រុង​ ស្តីពី​សាត្រា​ស្លឹករឹត​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​សម្រេច​បង្កើត​ឡើង​ដោយ​លោក​សាស្រ្តាចារ្យ Léon Vandermeersch ដែល​ជា​នាយក​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​ពី​ឆ្នាំ​១៩​៨​៩ដល់​ឆ្នាំ​១​៩​៩​៣ និង​ដោយ​លោក​សាស្រ្តាចារ្យ François Bizot ជា​សមាជិក​របស់​សាលា​បារាំង​​ចុង​បូព៌ា​ប្រទេស​ និង​ជា​នាយក​ផ្នែក​ការ​សិក្សា​នៅ​សាលា​ស្រាវជ្រាវ​ជាន់ខ្ពស់​បារាំង (EPHE) និង​ជា​អ្នក​ទទួល​ខុស​ត្រូវ “មូលនិធិ​សម្រាប់​ការ​បោះពុម្ព​ផ្សាយ​សាត្រា​ស្លឹករឹត”​ នៅ​ក្នុង​សាលា។

បន្ទាប់​ពី​មាន​បេសកកម្ម​ត្រៀម​រៀបចំ​ជា​មុន​ជា​ច្រើនលើក នៅ​ឆ្នាំ​១​៩​៩​០ លោក F. Bizot បាន​ទទួល​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​នៅ​ឆ្នាំ​នោះ​​ឲ្យ FEMC អាច​បង្កើត​​ទី​ស្នាក់ការ​របស់​ខ្លួន​នៅ​ក្នុង​បន្ទប់​តូច​មួយ​ក្នុង​ចំណោមបន្ទប់​​​តូច​ទាំង​ពីរ ដែល​ស្ថិតនៅ​​ត្រង់​ផ្លូវ​ចូល​ទៅ​ក្នុង​​វត្ត​ព្រះកែវ​មរកត​ត្រង់​ច្រក​ខាង​កើត​​ ដែល​ស្ថិតនៅ​ក្នុង​បរិវេណ​នៃ​ “សារមន្ទីរ​​អតីត​ព្រះ​បរម​រាជវាំង”។

នៅ​ថ្ងៃ​ទី​១​៤ ខែ​វិច្ឆិកា ឆ្នាំ​១​៩​៩​១ នៅ​ពេល​ដែល​ព្រះ​មហាក្សត្រ នរោត្តម សីហនុ យាង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ EFEO-FEMC បាន​ទទួល​ការ​អញ្ជើញ​ប្រកប​ដោយ​មេត្តាធម៌​ពី​ព្រះ​មហាក្សត្រ​ឲ្យ​តាំង​ទីស្នាក់ការ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​។ ព្រះ​មហាក្សត្រ​លោក​​បាន​ប្រទាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ដល់​បេសកកម្ម​របស់ EFEO-FEMC នៅ​ប្រទេស​កម្ពុជា​តាំង​​ពី​ឆ្នាំ​១​៩​៨​៩​មក​។

តាំង​ពី​ដំបូង​​មក ការងារ​របស់ EFEO-FEMC បាន​ទទួល​​ហិរញ្ញប្បទាន​​ពី​​ក្រសួង​ឧត្តម​សិក្សា​និង​ស្រាវជ្រាវ​បារាំង​ ហើយ​ការងារ​ម្ដង​ម្កាល​មួយ​ចំនួន​បាន​ទទួល​ជំនួយ​ថវិកា​ពី​ក្រសួង​ការ​បរទេស។ នៅ​ប្រទេស​កម្ពុជា សកម្មភាព​របស់ EFEO-FEMC បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​សម្រប​សម្រួល​​និង​សហការ​ជា​ប្រចាំ​ជាមួយ​ក្រសួង​ធម្មការ និង​ដោយ​មាន​ការ​គាំទ្រ​ប្រកប​ដោយ​ទំនុក​ចិត្ត​និង​មិត្តភាព​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ដែល​បាន​ចាត់​បញ្ជូន​បុគ្គលិក​ជា​ច្រើន​នាក់​ឲ្យ​មក​បម្រើការ​ឲ្យ FEMC ចាប់​តាំង​ពី​ឆ្នាំ​១​៩​៩​១​មក។

ចាប់​តាំង​ពី​ឆ្នាំ​១​៩​៩​២​មក FEMC បាន​រៀបចំ​និង​គ្រប់គ្រង​បណ្ណាល័យ EFEO - ព្រះ​ វណ្ណ​វ័ត្ន កែន វង្ស ដែល​ជា​ឈ្មោះ​របស់​ព្រះចៅ​អធិការ​វត្ត​សារាវ័ន្ត​។ ​នៅ​ឆ្នាំ​​១​៩​៧​៩ ជាមួយ​នឹង​សេចក្តី​ក្លាហាន​និង​ការ​លះបង់ ព្រះ​អង្គ​បាន​ចាប់​ផ្តើម​សង្រ្គោះ​និង​ប្រមែប្រមូល​នូវ​អ្វី​ដែល​អាច​នៅ​សេសសល់​ពី​អតីត​សមុច្ច័យ​សាត្រា​ស្លឹករឹតនៅ​​ទីក្រុង​ភ្នំពេញ។ សំណុំ​សាត្រា​​នេះ​​មាន​ចំនួន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល (មាន​សាត្រា​ស្លឹករឹត​ចំនួន​៣​៤​០​០​បាច់​ ចំណែក​ឯ​​​នៅ​បណ្ណាល័យ​ជាតិ​មាន​តែ​​៨​០​០​បាច់​​ប៉ុណ្ណោះ)។

តាំង​ពី​ដំបូង​មក កម្មវិធី​អភិរក្ស​សាត្រា​ស្លឹករឹត​និង​កម្មវិធី​សិក្សា​អត្ថបទ​ដែល​ធ្វើ​ឡើង​ដោយ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​នៅ​ប្រទេស​កម្ពុជា ត្រូវ​បានផ្តល់​ទីស្នាក់ការ​អោយ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ពី​អាជ្ញាធរ​ខ្មែរ ជា​បឋម​នៅ​ក្នុង​បរិវេណ​ដ៏​ល្បីល្បាញ​របស់​ព្រះ​បរមរាជវាំង ពី​ឆ្នាំ​១​៩​៩​០​ដល់​ឆ្នាំ​១​៩​៩​៨។ ហើយ​ចាប់​តាំង​ពី​ឆ្នាំ​១​៩​៩​៩​មក កម្មវិធី​នេះ​ត្រូវ​បាន​សម្តេច​អគ្គ​ព្រះ​មហា​សង្ឃរាជ ទេព វង្ស ទទួល​អោយ​មក​តាំង​ទីស្នាក់ការ​របស់​ខ្លួន​នៅ​ក្នុង​បរិវេណ​ដ៏​ល្បីល្បាញ​នៃ​វត្ត​ឧណ្ណាលោម។

ចាប់​តាំង​ពី​ឆ្នាំ​១​៩​៩​៣​មក FEMC ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិតនៅ​ក្រោម​ព្រះរាជអ​ធិបតីភាព​​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​មហាក្សត្រ។