ការវាយតម្លៃលើចំណាត់ថ្នាក់សាត្រាស្លឹករឹតដែលជួសជុលដោយ EFEO-FEMC

ដោយ​ក្រឡេក​មើល​ទៅ​ក្រោយ​​និង​តាម​បទ​ពិសោធន៍​ដែល​ទទួល​បាន​ ដែល​​​ក្រុម​ការងារ​របស់ EFEO-FEMC មិន​មាន​នៅ​ពេល​ចាប់ផ្តើម​បេសកកម្ម​របស់​ខ្លួន គុណ​វិបត្តិ​នៃ​ការ​ធ្វើ​ចំណាត់ថ្នាក់​នេះ​លេច​ឡើង​យ៉ាង​ច្បាស់។ ប៉ុន្តែ​ជាមួយ​នឹង​យថាភាព​ដែល​ការ​ធ្វើ​ចំណាត់ថ្នាក់​នេះ​មាន ទស្សនាទាន​ដើម​របស់​អ្នក​អក្សរសាស្រ្ត​ខ្មែរ​ហាក់​ដូច​ជា​មាន​អត្ថ​ប្រយោជន៍​ច្រើន​ជាង​មាន​បញ្ហា។

លក្ខណៈ​ដ៏​ជាក់ច្បាស់​បំផុត​និង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ នៃ​ទស្សនាទាន​ដើម​ទាំង​នេះ​របស់​ជនជាតិ​ខ្មែរ​បាន​មក​ពី​ការ​ប្រមូលផ្តុំ​នៅ​ក្នុង​ក្រុម “គម្ពីរ​បុរាណ” នូវ​ប្រភេទ​ពីរ​ដែល​បង្កើត​បាន​ជា “រឿង​លក្ខណៈ​បុរាណ” (V.1) និង “កម្មដ្ឋាន” (V.3)។ ពិត​មែន​តែ​វា​ស្ថិតនៅ​ទាំង​ស្រុង​ក្នុង​អក្សរសិល្ប៍​ពុទ្ធ​សាសនា​របស់​ប្រទេស​កម្ពុជា អត្ថបទ​ដែល​ប្រមូលផ្តុំ​នៅ​ក្នុង​ប្រភេទ​ទាំង​ពីរ​នេះ​ត្រូវ​បាន​ចាត់ថ្នាក់​ទាំងស្រុង​​ដោយ​ជនជាតិ​ខ្មែរ ដាច់​ដោយ​ឡែក​ពី​អត្ថបទ​ដែល​បង្កើត​បាន​ជា​ក្រុម "សាត្រា​ទេសន៍" (III.1​ ដល់​ III.6)។ ការ​បែងចែក​ដាច់​ពី​គ្នា​នេះ​មិន​មែន​ជា​ការ​​ចៃដន្យ​ទេ៖ ការ​បែងចែក​នេះ​គឺ​ផ្អែក​លើ​ភាព​ខុស​គ្នា​ដ៏​សំខាន់​បំផុត​នៃ​របៀប​បញ្ជូន​អត្ថបទ​ពី​​ក្រុម​មួយ​ទៅ​​​ក្រុម​មួយ​ទៀត។ ជា​ការ​ពិត ស្នាដៃ​ដែល​ស្ថិតនៅ​ក្នុង​ប្រភេទ​ទាំង​ប្រាំមួយ​នៃ “សាត្រាទេសន៍” ទាក់ទង​ទៅ​នឹង​ការ​បង្រៀន​ជា​លក្ខណៈ​ចំហ ដែល​រៀបចំ​ធ្វើឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​​វត្ត​អារាម​នានា ជាអាទិ៍​នៅ​ពេល​មាន​បុណ្យ​​ទេសនា ដែល​ធ្វើ​ឡើង​ជា​សាធារណៈ​ដោយ​អ្នក​កាន់​សាសនា។

Évaluation du classement des manuscrits mis en œuvre par l’EFEO-FEMCនៅក្នុង​វាក្យស័ព្ទ​របស់​ជនជាតិ​ខ្មែរ អក្សរសិល្ប៍​នេះ​ទាំង​មូល​បង្កើត​បាន​ជា បិដក ទោះ​ជា​ទំនាក់​ទំនងរវាង​អត្ថបទ​ទាំង​នេះ​​ ជាមួយ​នឹង​បិតក​ពិត​ប្រាកដ​ជា​ភាសា​បាលី​នៃ "ព្រះ​ត្រៃបិដក" អាច​មាន​ភាព​ខុសគ្នា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ ផ្ទុយ​មក​វិញ អត្ថបទ​ដែល​ចាត់ទុក​ថា "បុរាណ" ស្ថិត​នៅក្នុង​ការ​បង្រៀន​ដំបូង​ដែល​នៅក្នុង​នោះ​មាន​ការ​ប្រារព្ធ​​ពិធី​បុណ្យ​សាសនា ដែល​រៀបចំ​ធ្វើ​ឡើង​នៅក្នុង​ក្របខណ្ឌ​តូច​ចង្អៀត​និង​ច្រើន​តែ​មាន​កម្មសិទ្ធ​ផ្ទាល់​ខ្លួន​ បង្ហាញ​​ទំនាក់​ទំនង​តែ​មួយ​គត់​ដែល​ផ្សារ​ភ្ជាប់​គ្រូ​ម្នាក់​ទៅ​នឹង​សាវ័ក​ម្នាក់។ ពិត​មែន​តែ​អត្ថបទ​ដែល​ស្ថិតនៅ​ក្នុង​​ការ​បង្រៀន​ប្រភេទ​នេះ (V.1 និង V.3) ផ្ទុក​ទៅដោយ​ជំនឿ​និង​ការ​អនុវត្ត​ដែល​មាន​លក្ខណៈ​ពុទ្ធ​សាសនា​សុទ្ធសាធ​ក៏​ដោយ ក៏​អត្ថបទ​ទាំង​នេះ​មិន​ដែលត្រូវ​​បាន​ដាក់​បញ្ចូល​​ទៅ​ក្នុងកម្រង​អត្ថបទ​ បិដក ឡើយ។

ភាព​គួរ​ឲ្យ​ចង់​ដឹង​ចង់​ឮ​មួយ​ទៀត​ដែល​លេច​ឡើង​នៅ​ក្នុង​ចំណាត់ថ្នាក់​នេះ គឺ​បណ្តាល​មក​ពី​ការ​ផាត់ចេញ​ពី​ក្នុង​ប្រភេទ "ប្រលោម​លោក​បុរាណ" (II.1) នូវ​អត្ថបទ​មួយ​ចំនួន​ដែល​ពិតជា​មេរៀន​របស់​ខ្មែរ​នៃ​ជាតក​មួយ​ចំនួន (“ការ​និទាន​អំពី​ជាតិ​មួយ​ក្នុង​ចំណោម​ជាតិ​មុន​ៗ​​ជាច្រើន​របស់​ព្រះពុទ្ធ”) ដែល​ចេញ​មក​ពី​សមុច្ច័យ​សំខាន់​ៗ​ដែល​មាន​គេ​ស្គាល់​ច្រើន​នៅ​អាស៊ី​អាគ្នេយ៍ ដូចជា​ជាតិ​មួយ​ក្នុង​ចំណោម “ហាសិប​ជាតិ​មុន​ៗ​របស់​ព្រះពុទ្ធ" (បញ្ញាសជាតក) ឬ​ក៏​ជាតិ​មួយ​ក្នុង​ចំណោម “ប្រាំរយនិង​​​ប្រាំរយ​ហាសិប​ជាតិ​មុន​ៗ​របស់​ព្រះពុទ្ធ” (ហារយជាតិ)។ ដូច្នេះ ដោយ​បន្ថយ​ក្រុម​ ជាតក (III.5) មក​ត្រឹម​ការ​និទាន​អំពី “ដប់​ជាតិ​មុន​ចុងក្រោយ​របស់​ព្រះពុទ្ធ” ដែល​បង្កើត​បាន​ជា ទសជាតក ដោយ​ផាត់ចេញ​នូវ​ជាតិ​ដទៃ​ទៀត សហការី​របស់ EFEO-FEMC គ្រាន់តែ​ធ្វើការ​បកស្រាយ​នូវ​ភាព​ចែកដាច់​ពី​គ្នា​ដែល​ពិត​ជា​អនុវត្តន៍​ដោយអ្នក​កាន់​សាសនា​របស់​ប្រទេស​កម្ពុជា៖ ជា​ការ​ពិត បុព្វជិត​ខ្មែរ​មិន​ដែល​សូត្រ​នៅ​នឹង​គ្រែ​ទេសនា​​នូវ​ ជាតក ​ផ្សេង​ទៀត​ក្រៅ​ពី​ជាតក​ដែល​ចេញ​មក​អំពី ទសជាតក ទេ ដោយ​ទុក​ឲ្យ​អ្នក​កាន់​សាសនា​ដែល​បាន​ចាកផ្នួស​ដែល​ជា​ទូទៅ​គឺ​ជា អាចារ្យ​​វត្ត ឲ្យ​សូត្រ​តាម​ ជាតក ​ដែល​ចេញ​មក​ពី​សមុច្ច័យ​ផ្សេង​ៗ​ទៀត ហើយ​ជានិច្ចកាល​គឺ​សូត្រ​នៅ​ក្រៅ​វិហារ។

គុណ​វិបត្តិ​ជាក់ស្តែង​មួយ​នៃ​ការ​ធ្វើ​ចំណាត់ថ្នាក់​ដែល​ធ្វើ​ឡើង​ដោយ EFEO-FEMC គឺ​បណ្តាល​មកពី​លក្ខណៈ​ទូលំទូលាយ​នៃ​ក្រុម "ព្រះ​សទ្ធម្ម" (III.1) ដែលរក​ធ្វើ​ការ​កំណត់​សម្គាល់​មិន​បាន​​។ ជា​ការ​ពិត ប្រភេទ​​មិន​មាន​ភាព​ច្បាស់លាស់​នេះ​ប្រមូល​ផ្តុំ​ស្នាដៃ​ដែល​ពិតជា​ស្ថិតនៅ​ក្នុង​ការ​អប់រំ​ព្រះពុទ្ធ​សាសនា​ជា​លក្ខណៈ​ចំហ ដែល​ធ្វើឡើង​នៅ​តាម​វត្ត​អារាម​នានា ប៉ុន្តែ​មិន​ស្ថិត​នៅក្នុង​ប្រភេទ​ដែល​ត្រូវ​បាន​កំណត់​ច្បាស់លាស់​ទេ (III.2 ដល់ III.6)។ ដោយសារ​មិន​ដែល​ត្រូវ​បាន​សិក្សា​ដោយ​អ្នកប្រាជ្ញ​បស្ចិម​ប្រទេស និង​មិន​ដែល​ត្រូវ​បាន​អាន​ដោយ​ពុទ្ធសាសនិកជន​ខ្មែរ ការ​ខ្វះ​ភាព​ច្បាស់លាស់​នេះ​មាន​លក្ខណៈ​ជាក់ច្បាស់ ដោយ​ហេតុ​ថា​ភាគច្រើន​នៃ​ព្រះសទ្ធម្ម​នេះ​បាន​ឆ្លងកាត់​ពី​ភាព​ហួស​សម័យ​ មកកាន់​ការ​មិន​យក​ចិត្ត​ទុក​ដាក់​និង​ការ​បំភ្លេច​ចោល។ មាន​តែ​ការ​ពិពណ៌នា​អំពី​ព្រះ​សទ្ធម្ម​ទាំង​នេះ​តែ​មួយ​គត់​ដែល​នឹង​អាច​ស្នើ​ឡើង​នូវ​ចំណាត់​ថ្នាក់​ទៅតាម​លក្ខណៈ​វិនិច្ឆ័យ​ដ៏​ម៉ត់ចត់ ប៉ុន្តែ​ការ​ពិពណ៌នា​នេះ​នៅ​តែ​ត្រូវ​ធ្វើ​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ឡើយ។

សរុប​សេចក្តី​មក គួរ​តែ​បញ្ជាក់​ថា ​ប្រភេទ​អក្សរសិល្ប៍​មួយ​ចំនួន​ដែល​បាន​បង្ហាញ​នៅក្នុង​ប្រព័ន្ធ​នៃ​ការ​ធ្វើ​ចំណាត់ថ្នាក់​អត្ថបទ​នេះ គឺ​ពិតជា​មិនមាន​នៅ​តាម​ហោត្រៃ​​នានា​ក្នុង​ប្រទេស​កម្ពុជា​ទេ។ ជា​ឧទាហរណ៍ ដូចជា​ករណី “ជីវប្រវត្តិ” ដែល​មាន​តែ​ស្នាដៃ​តែ​មួយ​គត់​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​បណ្ណាល័យ​នានា​ដែល​បាន​ចុះ​បញ្ជី​សារពើភ័ណ្ឌ​ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។