ការសាកល្បងធ្វើចំណាត់ថ្នាក់ប្រកបដោយរបៀបរៀបរយនូវអត្ថបទដែលរកឃើញដោយ EFEO-FEMC

វា​ជា​ការ​សំខាន់​ដែល​ត្រូវ​គូស​បញ្ជាក់​ថា ចំណេះដឹង​ស្តីពី​​អក្សរសិល្ប៍​បុរាណ​របស់​ប្រទេស​កម្ពុជា​មិន​អាច​បង្កើត​ឡើង​វិញ​ចេញ​ពី​សមុច្ច័យ​សាត្រា​ស្លឹករឹត ដែល​គេ​បាន​ប្រមូល​ទុក​នៅក្នុង​បណ្ណាល័យ​អឺរ៉ុប​បាន​ទេ។ ខ្លឹមសារ​នៃ​សមុច្ច័យ​ទាំង​នេះ ដែល​បញ្ជាក់​ពី​ក្ដី​កង្វល់​​របស់​អ្នកប្រាជ្ញ​នៃ​សតវត្ស​ទី​១​៩ ដែល​ចាប់​អារម្មណ៍​ជា​សំខាន់​ចំពោះ​ប្រវត្តិសាស្រ្ត​នយោបាយ​របស់​ព្រះរាជាណាចក្រ​ខ្មែរ ដែល​ស្ថិតនៅ​ក្នុង​រង្វង់​នៃ​ឥទ្ធិពល​របស់​ប្រទេស​បារាំង មិន​អាច​ប្រៀបធៀប​នឹង​​ខ្លឹមសារ​នៃ​ឯកសារ​នៅ​ក្នុង​បណ្ណាល័យ​តាម​ភូមិឃុំ​នានា​បាន​នោះ​ទេ។ ជា​ឧទាហរណ៍ អត្ថបទ​សាសនា​ដែល​បង្កើត​បាន​ជា​សាត្រា​ស្លឹករឹត​ភាគ​ច្រើន​លើសលុប​បំផុត​របស់​ប្រទេស​កម្ពុជា​មាន​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ ក្នុង​ចំណោម​ប្រាំបី​ផ្នែក​នៃ​សាត្រា​ស្លឹក​រឹត​របស់​បណ្ណាល័យ​ជាតិ​ទីក្រុង​ប៉ារីស៖ ចំនួន​ជាង​ពីរ​ភាគ​បី​នៃ​ស្នាដៃ​ដែល​បាន​ចុះ​បញ្ជី​សារពើភ័ណ្ឌ​នៅ​តាម​វត្ត​អារាម​ដោយ​ក្រុម​ការងារ​របស់ EFEO-FEMC មិនមាន​នៅ​ក្នុង​បណ្ណាល័យ​អឺរ៉ុប​ឡើយ ប៉ុន្តែ​ផ្ទុយ​មក​វិញ ​ចំនួន​ពីរ​ភាគ​បី​នៃ​ស្នាដៃ​ដែល​មាន​​នៅក្នុង បញ្ជី​រាយឈ្មោះ​​សំណុំ​ឯកសារ​ខ្មែរ​នៃ​បណ្ណាល័យ​ជាតិ​ទីក្រុង​ប៉ារីស បង្កើត​ឡើង​ដោយ​លោក អូ ជាង (១​៩​៥​៣) មិន​​មាន​នៅ​តាម​ហោត្រៃ​នានា​​ក្នុង​​ប្រទេស​កម្ពុជា​ទេ។ ដោយ​ហេតុ​ដូច្នេះ វិធីសាស្រ្ត​ធ្វើ​ចំណាត់​ថ្នាក់​ដែល​បាន​ប្រើប្រាស់​នៅក្នុង​បណ្ណាល័យ​បស្ចិម​ប្រទេស​នានា មិន​អាច​ប្រើ​ជា​គំរូ​សម្រាប់​ធ្វើ​ចំណាត់​ថ្នាក់​សាត្រា​ស្លឹករឹត​នៅក្នុង​ហោត្រៃ​​នានា​ក្នុង​​ប្រទេស​កម្ពុជា​បាន​ឡើយ។

នៅ​ទី​បញ្ចប់ ដើម្បី​ធ្វើ​ចំណាត់​ថ្នាក់​ឯកសារ​សាសនា​ជា​ភាសា​ដើម​របស់​ប្រទេស​កម្ពុជា អ្នក​សិក្សា​ស្រាវជ្រាវ​ជនជាតិ​ខ្មែរ​មួយ​ចំនួន ដែល​ធ្វើការ​លើ​សមុច្ច័យ​នៃ​សាត្រា​ស្លឹករឹត​ខ្មែរ​ដែល​តម្កល់​ទុក​នៅក្នុង​បណ្ណាល័យ​អឺរ៉ុប​នានា មាន​ជាអាទិ៍​លោក អូ​ ជាង នៅ​បណ្ណាល័យ​ជាតិ​ទីក្រុង​ប៉ារីស បាន​ប្រើប្រាស់​នូវ​ចំណាត់​ថ្នាក់​ពាក្យ​​ដែល​ចម្លង​ទាំង​ស្រុង​តាម​ចំណាត់​ថ្នាក់​ពាក្យ​​ ដែល​គេ​​ប្រើប្រាស់​សម្រាប់​ការ​ធ្វើ​ចំណាត់​ថ្នាក់​អក្សរសិល្ប៍​ជា​ភាសា​បាលី ដែល​បែងចែក​ដាច់​ពី​គ្នា​នូវ​អត្ថបទ “ក្នុង​ជាតក” និង​អត្ថបទ “ក្រោយ​ជាតក” ឬ​ក៏ “ក្រៅ​ជាតក”។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លក្ខណៈ​វិនិច្ឆ័យ​ដែល​បាន​ប្រើប្រាស់​សម្រាប់​ការ​ធ្វើ​ចំណាត់ថ្នាក់​ប្រភេទ​នេះ ទោះ​ជា​លក្ខណៈ​វិនិច្ឆ័យ​ទាំង​នេះ​អាច​ទទួល​យក​បាន​​សម្រាប់​​អក្សរសិល្ប៍​​ភាសា​ខ្មែរ​ក៏​ដោយ ក៏​គេ​មិន​អាច​យក​វា​មក​អនុវត្តន៍​បាន​ឡើយ​សម្រាប់​ការ​ធ្វើ​ការងារ​នៅ​តាម​វត្ត​អារាម​​ជាមួយ​នឹង​ក្រុម​ការងារ​មួយ ដែល​មាន​តែ​សហការី​ជនជាតិ​ខ្មែរ ​សម្រាប់​ពួក​គេ ​លក្ខណៈ​វិនិច្ឆ័យ​ទាំង​នេះ​មិន​មាន​ភាព​ច្បាស់​លាស់​​ឡើយ។​​

ដូច្នេះ ដោយ​មិន​អាច​ពឹង​ផ្អែក​លើ​វិធីសាស្រ្ត​ដែល​បាន​បង្កើត​រួច​ហើយ និង​ដោយ​នៅ​ប្រទេស​កម្ពុជា មិន​មាន​បញ្ជី​សារពើភ័ណ្ឌ​ឬ​ក៏​ការ​ពិពណ៌នា​អំពី​ស្នាដៃ​​ ដែល​មាន​​ធាតុ​ផ្សេង​ៗ​នៃ​ប្រពៃណី​ក្នុង​ស្រុក​ដើម្បី​ធ្វើ​ចំណាត់ថ្នាក់​អត្ថបទ​នានា​នោះ ក្រុម​ការងារ​របស់ EFEO-FEMC ត្រូវ​បង្កើត​ដោយ​ខ្លួន​ឯង​ផ្ទាល់​នូវ​របៀប​មួយ​ដើម្បី​ធ្វើ​ចំណាត់ថ្នាក់​នេះ មុន​នឹង​ចាប់ផ្តើម​ធ្វើ​ការងារ​សង្រ្គោះ​និង​អភិរក្ស​សាត្រា​ស្លឹករឹត​របស់​ប្រទេស​កម្ពុជា​ដែល​ខ្លួន​ត្រូវ​ធ្វើ។ នៅ​ចុង​បញ្ចប់​នៃ​ការ​ជជែក​ពិភាក្សា ដែល​ពេល​ខ្លះ​មាន​លក្ខណៈ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ សហការី​ជនជាតិ​ខ្មែរ​របស់ EFEO-FEMC និង​អ្នក​អក្សរសាស្រ្ត​ខ្មែរ​មួយ​ចំនួន​ដែល​ពិត​ជា​មាន​បំណង​ចូលរួម​ក្នុង​ការងារ​នេះ បាន​បង្កើត​ចំណាត់​ថ្នាក់​ពាក្យ​​មួយ​សម្រាប់​អក្សរសិល្ប៍​សាសនា​របស់​ប្រទេស​កម្ពុជា ដែល​បទ​ពិសោធន៍​រយៈពេល​ចំនួន​ម្ភៃ​ឆ្នាំ​បាន​ផ្តល់​សុពលភាព​ដល់​លក្ខណៈ​ដែល​អាច​ធ្វើ​ប្រតិបត្តិការ​បាន ពិត​មែន​តែ​នៅ​មាន​គុណ​វិបត្តិ​និង​វិសមតា​មួយ​ចំនួន​ក៏​ដោយ​។ យើង​​ពិត​ជា​មិន​ហ៊ាន​អះអាង​ថាការ​ធ្វើ​ចំណាត់ថ្នាក់​នេះ​​មាន​ភាព​ម៉ឺងម៉ាត់​ឥត​ល្អៀង​នោះ​ទេ នៅ​ក្នុង​ន័យ​ដែល​ថា​​ការ​ធ្វើ​ចំណាត់ថ្នាក់​នេះ​បង្ហាញ​អំពី​រចនា​សម្ព័ន្ធ​ផ្ទៃក្នុង​នៃ​អក្សរសិល្ប៍​ខ្មែរ។ ការ​ធ្វើ​ចំណាត់ថ្នាក់​នេះ​​គឺ​ចង់​ឲ្យ​ងាយស្រួល​ប្រើ​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​អនុវត្ត​របស់​ខ្លួន មាន​ន័យ​ថា​ការ​អនុវត្ត​នៅ​នឹង​កន្លែង ​និង​ងាយស្រួល​​ប្រើ​​ដោយ​អ្នក​ប្រើប្រាស់​ជនជាតិ​ខ្មែរ។ ការ​ធ្វើ​ចំណាត់ថ្នាក់​នេះ​មាន​២៤​ប្រភេទ បែងចែក​ជា​៨​ក្រុម ដែល​នៅ​ក្នុង​នោះ​មាន​ប្រភេទ​មិន​ច្បាស់​លាស់​ចំនួន​ពីរ ដែល​បង្កើត​ឡើង​សម្រាប់​ស្នាដៃ​មិន​អាច​ចាត់ថ្នាក់​បាន និង​ដែល​ប្រមូលផ្តុំ​នៅ​ក្រោម​ចំណង​ជើង​ថា “ផ្សេង​ៗ”។ ហើយ​ម្យ៉ាង​ទៀត អត្ថបទ​ជា “ភាសា​បាលី” ទាំង​អស់​ដែល​មិន​មាន​អត្ថបទ​ណា​មួយ​មាន​ប្រភព​ដើម​ពី​ប្រទេស​កម្ពុជា​នោះ ជា​ទូទៅ​យើង​​​ត្រូវ​យោង​ទៅរក​​ការ​ដាក់​ចំណង​ជើង​​ដែល​បង្កើត​ឡើង​ដោយ​ស្ថាប័ន​ Pali Text Society d’Oxford សម្រាប់​ចំណាត់ថ្នាក់​ពិសេស​នៃ​អត្ថបទ​ជា​ភាសា​បាលី​ទាំង​អស់​នេះ។

ដូច្នេះ សាត្រា​ស្លឹករឹត​នីមួយ​ៗ​របស់​ប្រទេស​កម្ពុជា​បាន​ទទួល​នូវ​លេខ​​ចុះ​បញ្ជី​សារពើភ័ណ្ឌ​មួយ​ដែល​ប្រើ​អក្សរ​និង​លេខ ដែល​អាច​ឲ្យ​កំណត់​ទីតាំង​ភូមិសាស្រ្ត​នៃ​វត្ត​អារាម​ដែល​​សាត្រា​ស្លឹករឹត​នោះ​ត្រូវ​បាន​រក្សា​ទុក និង​អាច​ឲ្យ​​គេ​ស្គាល់​អំពី​ប្រភេទ​របស់​វា។ ជា​ឧទាហរណ៍ ms. 056.A.02.02.02.II.02 គឺ​ជា​សាត្រា​ស្លឹករឹត​លេខ ​56 នៃ​វត្ត A.02.02.02 គឺ​មាន​ន័យ​ថា​ជា​វត្ត​ទីពីរ (វត្ត​ចំប៉ា) នៃ​ឃុំ​ទីពីរ (ឃុំ​ក្បាល​គោ) នៃ​ស្រុក​ទីពីរ (ស្រុក​កៀនស្វាយ) របស់​ខេត្ត​កណ្តាល។ វា​​ជា​សាត្រា​ស្លឹករឹត​ដែល​ស្ថិតនៅ​ក្នុង​ប្រភេទ II គឺ​ជា​ប្រភេទ សាត្រា​ល្បែង ដែល​ស្ថិតនៅ​ក្នុង​ប្រភេទ 02 គឺ​ល្បើក​អប់រំ ។

ការ​ធ្វើ​ចំណាត់ថ្នាក់​អត្ថបទ​ខ្មែរ​ ដែល​បាន​បង្កើត​ឡើង​និង​ប្រើប្រាស់​ដោយ​ក្រុម​ការងារ​របស់  EFEO-FEMC មាន​ប្រភេទ​ដូច​ខាង​ក្រោម​នេះ៖

 

I. សាត្រា​ឧបទេស

I. 1 ច្បាប់​ទូន្មាន

I. 2 ច្បាប់​សុភាសិត

I. 3 ល្បើក​ព្រះធម៌

II. សាត្រា​ល្បែង

II. 1 ប្រលោម​លោក​បុរាណ

II. 2 ល្បើក​អប់រំ

III. សាត្រា​ទេសន៍

III. 1 ព្រះ​សទ្ធម្ម

III. 2 ព្រះ​សូត្រ

III. 3 ព្រះ​វិន័យ

III. 4 ព្រះ​អភិធម

III. 5 ជា​តក

III. 6 អានិសង្ស

IV. ប្រវត្តិ

IV. 1 រឿង​លក្ខណៈ​បុរាណ

IV. 2 ប្រវត្តិសាស្រ្ត

V. គម្ពីរ​បុរាណ

V. 1 រឿង​លក្ខណៈ​បុរាណ

V. 2 ច្បាប់​បុរាណ

V. 3 កម្មដ្ឋាន

VI. ក្បួន​បុរាណ

VI.1 ហោរា

VI. 2 ថ្នាំ

VI. 3 យ័ន្ត

VI. 4 មន្ត​វិជ្ជា

VI. 5 សង់​ផ្ទះ

VI. 6 ក្បួន​ធ្វើ​បុណ្យ

VII. អត្ថបទ​ជា​ភាសា​បាលី

VIII. ផ្សេង​ៗ