ការជួសជុលបណ្ណល័យរបស់ស្ថាប័ននានានៅទីក្រុងភ្នំពេញ

ការ​អភិរក្ស​បេតិកភណ្ឌ​អក្សរសិល្ប៍​និង​សាសនា ដែល​មាន​ចារឹក​នៅ​លើ​​សម្ភារៈ​ងាយ​ខូច​ ពោល​គឺ​ស្លឹករឹត ​គឺ​ជា​កម្ម​វត្ថុ​នៃ​ក្តី​កង្វល់​របស់​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​ តាំង​ពី​យូរ​មក​ហើយ។ ចាប់តាំង​ពី​ដើម​សតវត្ស​ទី​២​០មក អ្នកប្រាជ្ញ​របស់​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អត្ថបទ​ដែល​គេ​រក​ឃើញ​​នៅ​ទីក្រុង​ភ្នំពេញ ដែល​ល្បី​ថា​ជា​អត្ថបទ​ដ៏​ពិសិដ្ឋ​និង​ល្បី​ល្បាញ​ជាង​គេ​បំផុត។ ដោយ​មិនមាន​ការ​ភ្ញាក់ផ្អើល អ្នក​ប្រាជ្ញ​ទាំង​នេះ​បាន​រកឃើញ​ការ​ចម្លង​ជា​ភាសា​ខ្មែរ​និង​ការ​បកប្រែ​ជា​ភាសា​សំរាយ​ នូវ​មួយ​ផ្នែក​នៃ​អត្ថបទ​សំខាន់​ៗ​នៃ​ជាតក​​ជា​ភាសា​​បាលី ហើយ​​និង​ការ​ធ្វើ​អត្ថាធិប្បាយ​លើ​អត្ថបទ​ទាំង​នេះ។

នៅ​ឆ្នាំ​១​៩​២​៥ ព្រះរាជ​បញ្ជា​​មួយ​របស់​ព្រះ​មហាក្សត្រ​​​បាន​នាំ​អោយ​មាន​ការ​បង្កើត​​ឡើង​នូវ​ព្រះរាជ​បណ្ណាល័យ​របស់​ប្រទេស​កម្ពុជា ដែល​ Suzanne Karpelès ជា​សមាជិក​បញ្ជូន​មក​ដោយ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ជា​អ្នក​អភិរក្ស​ដំបូង​គេ​បំផុត។ នៅឆ្នាំ​១​៩​៤​៣ នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Pierre Dupont ដែល​ជា​សមាជិក​របស់​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​ដែរ​នោះ បណ្ណាល័យ​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅក្នុង​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត​​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៣០។ បន្ទាប់​ពី​ឯករាជ្យ​នៅឆ្នាំ​១​៩​៥​៣ ​មជ្ឈ​មណ្ឌល​​នៃ​ការ​សិក្សា​អំពី​ភាសា​ខ្មែរ​នៃ​ប្រទេស​កម្ពុជា មិន​យូរ​ប៉ុន្មាន វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត​ត្រូវ​បាន​បិទ​ទ្វារ​ដោយ​ពួក​ខ្មែរ​ក្រហម​ នៅ​ថ្ងៃ​ទី​១​៧​ខែ​មេសា​ឆ្នាំ​១​៩​៧​៥។ ហើយ​សមុច្ច័យ​របស់​វិទ្យាស្ថាន​នេះបាន​​ក្លាយ​ទៅ​ជា​ច្របូក​ច្របល់​គ្មាន​របៀប​រៀបរយ។​ បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩​៧​៩ មនុស្ស​មួយ​ចំនួន​​បាន​យក​ចិត្ត​ទុក​ដាក់​ប្រមែ​ប្រមូល​សាត្រា​ស្លឹករឹត​​របស់​អតីត​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត នៅ​កន្លែង​ណា​ដែល​ពួក​គេ​អាច​រក​ឃើញ ដើម្បី​យក​វា​ទៅ​រក្សា​ទុក។ ​អតីត​សំណុំ​​ឯកសារ​​ជា​ច្រើន​ត្រូវ​បាន​ថែរក្សា​ទុក​ដោយ​ព្រះសង្ឃ​ វណ្ណារ័ត្ន កែន វង្ស ដែល​ជា​អ្នក​កាន់​សាសនា​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​អ្នក​កាន់​សាសនា​ខ្មែរ​ប្រាំមួយ​នាក់ដំបូង​គេ ដែល​ត្រូវ​បាន​តែងតាំង​ឡើង​វិញ​នៅ​ប្រទេស​កម្ពុជា ​នៅ​ក្រោយ​ឆ្នាំ​១​៩​៧​៩។ បន្ទាប់​ពី​មាន​អស្ថេរភាព​មួយ​អន្លើ​មក សាត្រា​ស្លឹករឹត​ទាំង​នេះ​បាន​មក​ដល់​វត្ត​សារាវ័ន្ត ក្នុង​នោះ​​ព្រះសង្ឃ​ វណ្ណារ័ត្ន បាន​ក្លាយ​ជា​ព្រះចៅ​អធិការ​វត្ត។ គឺ​នៅ​ទីនោះ​ហើយ​ដែល​នៅ​ឆ្នាំ​១​៩​៩​២ គឺ​ពីរ​ឆ្នាំ​មុន​លោក​សុគត ព្រសង្ឃ កែន វង្ស បាន​ធ្វើការ​អំពាវនាវ​ដល់​ក្រុម​ការងារ​របស់ EFEO-FEMC ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​​ធ្វើ​ការ​ជួសជុល​​ និង​ធ្វើ​ចំណាត់ថ្នាក់​សមុច្ច័យ​នេះ​ឡើង​វិញ ដែល​ជា​​សមុច្ច័យ​ដ៏​សម្បូរបែប​ជាង​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា។

​មួយ​ចំណែក​​ទៀត​នៃ​អតីត​សមុច្ច័យ​របស់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត ត្រូវ​បាន​តម្កល់​ទុក​នៅ​សារមន្ទីរ​ជាតិ។ នៅ​ឆ្នាំ​២​០​០​២ ក្រុម​ការងារ​របស់ EFEO-FEMC បាន​ទទួល​បន្ទុក​ជួសជុល​​និង​បង្កើត​បញ្ជី​សារពើភ័ណ្ឌ​សមុច្ច័យ​នេះ​។

នៅ​ឆ្នាំ​បន្ទាប់​មក ក្រុម​ការងារ​របស់ EFEO-FEMC បាន​ធ្វើ​ការងារ​ជួសជុល​​និង​ចុះ​បញ្ជី​សារពើភ័ណ្ឌ​សាត្រា​ស្លឹករឹត​របស់​បណ្ណាល័យ​ជាតិ​ទីក្រុង​ភ្នំពេញ ដែល​ពិតាន​របស់​បណ្ណាល័យ​នេះ​បាន​ដួល​រលំ។ ​ដូចជា​សារមន្ទីរ​ជាតិ​ដែរ នៅ​ក្នុង​ទសវត្ស​​ឆ្នាំ​១​៩​៨​០ បណ្ណាល័យ​ជាតិ​បាន​​ទទួល​ថែរក្សា​ទុក​​មួយ​ផ្នែក​នៃ​សាត្រា​ស្លឹករឹត​របស់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត។ បើ​គិត​ពី​ទំហំ​និង​សារៈ​ប្រយោជន៍ សមុច្ច័យ​នេះ​ជា​សមុច្ច័យ​ទីពីរ​បន្ទាប់​ពី​សមុច្ច័យ​របស់​វត្ត​សារាវ័ន្ត។ ដោយ​ធ្វើការ​ជួសជុល​​បណ្ណាល័យ​សំខាន់​ៗ​ទាំង​ពីរនេះ​ឡើង​វិញ​ដែល​រក្សា​សាត្រា​ស្លឹករឹត​ ​កាន់កាប់​ដោយ​ស្ថាប័ន​ជាតិ​ចំណុះ​ឲ្យ​ក្រសួង​វប្បធម៌​ខ្មែរ ​​រាប់​បញ្ចូល​ទាំង​ការ​ងារ​ធ្វើ​ស្រោម​គម្ពីរបុរាណ​ ធ្វើ​ពី​ប្រដឹស​ឫស្សី​ចំនួន​រាប់រយ​ស្រោប​ដោយ​ក្រណាត់ និង​ការ​ធ្វើ​ទូ​​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​​សម្រាប់​ការ​អភិរក្ស​សាត្រា​ស្លឹករឹត​នោះ ក្រុម​ការងារ​របស់ EFEO-FEMC បាន​សម្រេច​តាម​ការ​សន្យា​​របស់​លោក​នាយក​ EFEO គឺ​លោក​សាស្រ្តាចារ្យ Jean-Pierre Drège ដែល​​ធ្វើ​នៅ​​ខែ​ឧសភា​ឆ្នាំ​២​០​០​១ ជា​ពិធី​​ខួប​លើក​ទី​មួយ​រយ​របស់​​ EFEO នៅ​ប្រទេស​កម្ពុជា។

នៅ​ទី​បញ្ចប់ នៅ​ខែ​មករា​ឆ្នាំ​២​០​០​៤ ក្រុម​ការងារ​បាន​រក​ឃើញ​ផ្នែក​​ចុងក្រោយ​ដែល​គេ​ស្គាល់​ថា​ជា​អតីត​សមុច្ច័យ​នៃ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត ដែលគេ​ដឹង​​តាំង​ពី​យូរ​មក​ហើយ​​ថា​នៅ​ក្នុង​អគារ​មួយ​ក្នុង​ចំណោម​​អគារ​របស់​វត្ត​ព្រះកែវ​មរកត ដែល​ស្ថិតនៅ​ក្នុង​បរិវេណ​ព្រះបរម​រាជវាំង​ទីក្រុង​ភ្នំពេញ​តែ​ម្ដង​។ ការ​ជួសជុល​​សំណុំ​​ឯកសារ​នេះ​ឡើង​វិញ ដែល​ភាគ​ច្រើន​ផ្សំ​ឡើង​ដោយ​អត្ថបទ​ជា​ភាសា​បាលី និង​ការ​បង្កើត​បញ្ជី​សារពើភ័ណ្ឌ​នៃ​សំណុំ​​ឯកសារ​នេះ បាន​ធ្វើ​ចប់​រួចរាល់​ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ។

ការ​ចុះ​បញ្ជី​សារពើភ័ណ្ឌ​​សមុច្ច័យ​នៃ​បណ្ណាល័យ​របស់​ស្ថាប័ន​នានា​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ក្នុង​នោះ​មាន​សមុច្ច័យ​របស់​វត្ត​សារាវ័ន្ត របស់​សារមន្ទីរ​ជាតិ របស់​បណ្ណាល័យ​ជាតិ របស់​វត្ត​ព្រះកែវ​មរកត និង​របស់សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បង្កើត​បាន​ជា​ផ្នែក​ទី​ពីរ​នៃ ​បញ្ជី​សារពើភ័ណ្ឌ​បណ្តោះ​អាសន្ន​នៃ​បណ្ណាល័យ​នានា​នៅ​ប្រទេស​កម្ពុជា ដែល​ផ្នែក​ទី​មួយ​ទាក់ទង​នឹង​ហោត្រៃ​​នានា​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​ខេត្ត​កណ្តាល។ ចំណែក​ឯ​ផ្នែក​ទី​បី​ គឺ​​បញ្ជី​សារពើភ័ណ្ឌ​នៃ​សមុច្ច័យ​ក្នុង​​ហោត្រៃ​​នានា​នៅ​ខេត្ត​កំពង់ចាម។ ឯកសារ​ទាំង​បី​នេះ​​ត្រូវ​បាន​​ប្រមូល​ទុក​ដាក់​​រួច​រាល់​ហើយ​​ គេ​អាច​​ប្រើ​វា​ជា​មូលដ្ឋាន​សម្រាប់​ការ​ធ្វើ​ការ​សិក្សា​​ ​ពិពណ៌នា​អំពី​​អក្សរសិល្ប៍​ខ្មែរ​បុរាណ​របស់​ប្រទេស​កម្ពុជា ដែល​លោក George Cœdès ប្រាថ្នា​ចង់​បានកាល​ពី​ជិត​មួយ​សតវត្ស​មុន ហើយ​ដែល​ដោយ​សារ​តែ​ការ​សើច​ចំអក​ដ៏​អាក្រក់​បំផុត​នៃ​ជោគ​វាសនា​នោះ បំណង​ប្រាថ្នា​នេះ​ទើប​តែ​ត្រូវ​អាច​បំពេញ​បាន បន្ទាប់​ពី​មាន​ការ​បំផ្លាញ​ដោយ​ភ្លើង​កំណាច​ដ៏​គួរ​ឲ្យ​រន្ធត់​បំផុត​ដែល​គេ​មិន​អាច​នឹក​ស្រមៃ​ដល់​តែ​ប៉ុណ្ណោះ។